Friday, May 2, 2025
Homeសន្ដិសុខសង្គមស្ទាក់គប់ដុំថ្មប្លន់ម៉ូតូ ជាប់ខ្នោះ១

ស្ទាក់គប់ដុំថ្មប្លន់ម៉ូតូ ជាប់ខ្នោះ១

ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាធ្វើសកម្មភាពស្ទាក់គប់ដុំថ្ម ប្លន់ម៉ូតូពីជនរងគ្រោះនៅតាមដងផ្លូវម្នាក់ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចម្តុំរោងចក្រសាំហាន់ តាមផ្លូវលេខ១០៥ ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវ កម្លាំងជំនាញឃាត់ខ្លួននោះ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក២នាក់ទៀតបានជិះម៉ូតូដេញវាយប្លន់យកម៉ូតូជនរងគ្រោះនៅតាមផ្លូវក្នុងភូមិរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក។ ចំណែកជនរងគ្រោះនៅក្នុងហេតុការណ៍នោះឈ្មោះ ឈឿន ចាន់ថន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងភ្លើង មានលំនៅ ភូមិរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ។ រីឯជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះហៀង សេងហៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ (មានសារធាតុញៀន)។ សមត្ថកិច្ចដកហូតវត្ថុតាង ម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GM-6794។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានបញ្ជាក់ថា កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងនៅតាមផ្លូវភូមិរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យបីនាក់ ជិះម៉ូតូហុងដា C110 បានយកដុំថ្មវាយក្បាលជនរងគ្រោះ បែកក្បាល រួចលើកម៉ូតូជិះគេចខ្លួនបាត់។

លុះនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង ៥ៈ៣០នាទីល្ងាច ខណៈដែលកម្លាំងល្បាតខណ្ឌប៉ុស្តិ៍ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូ មានការសង្ស័យ បានឃាត់សាកសួរ និងប្រើវិធានការជំនាញសួររហូតជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ៣នាក់ បានវាយប្លន់ម៉ូតូរបស់ជនរងគ្រោះ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ទួលសង្កែ១ ចាត់ការតាមនីតិវិធី។

ជនសង្ស័យ ត្រូវបានអធិការដ្ឋានខណ្ឌឫស្សីកែវ ប្រគល់ឱ្យអធិការដ្ឋានខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES