ខេត្តប៉ៃលិន ៖ ក្រោយពីទទួលបាននូវដំណឹងថា កន្លែងបញ្ចាំម៉ូតូ ១កន្លែង គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ កម្លាំងសមត្ថកិច្ចជំនាញ បានចុះធ្វើការឆែកឆេរ ដោយចាប់ឃាត់ខ្លួនមនុស្ស ២នាក់ និងរឹបអូសបានម៉ូតូចំនួន ៩គ្រឿង យកទៅរក្សាទុកនៅអធិការនគរបាលស្រុកសាលាក្រៅ។

ប្រតិបត្តិការចុះបង្ក្រាបកន្លែងបញ្ចាំម៉ូតូខុសច្បាប់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ១និង០៥នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកមកសាកសួរ រួមមាន ទី១-ឈ្មោះហង់ សុបាលីយ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មានលំនៅបច្ចុប្បន្ន រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (ជាម្ចាស់ទីតាំង) និងទី២-ឈ្មោះ សុំ ភីណា ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅបច្ចុប្បន្ន ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (អ្នកទទួលបញ្ចាំ)។

ប្រភពបន្តទៀតថា ក្នុងការចុះឆែកឆេរនោះ បានរកឃើញម៉ូតូបញ្ចាំខុសច្បាប់ ចំនួន ៩គ្រឿង រួមមាន ទី០១-ម៉ាកស្កុបពី ពណ៌ក្រហម គ្មានស្លាកលេខ។ ទី២-ម៉ាកវីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខ។ ទី៣-ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1B-0562។ ទី៤ ម៉ាក Wave RSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-0853។ ទី៥-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ សៀមរាប 1I-8506។ ទី៦-ម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ 1C-1128។ ទី៧-ម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-1680។ ទី៨-ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 1B-1447 និងទី៩-ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AH-5332។

ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នឈ្មោះទាំងពីរនាក់ខាងលើ ត្រូវបាននាំខ្លួនមកធ្វើការសាកសួរ និងម៉ូតូទាំង ០៩គ្រឿង ត្រូវបានធ្វើកំណត់ ហេតុដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ តែរៀបចំសំណុំរឿង បញ្ជូនមនុស្សម្នាក់ ទៅតុលាការ ដើម្បីបន្តតាមនីតិវិធី៕