Friday, June 27, 2025
Homeព័ត៌មានជាតិប្តីពកូនតាមរកប្រពន្ធ

ប្តីពកូនតាមរកប្រពន្ធ

ភ្នំពេញ ៖ បុរសម្នាក់ ពកូនស្រីជាប់នឹងដៃផង មានកាន់រូបថតមួយសន្លឹកផង បានដើរស្វែងរកប្រពន្ធរបស់ខ្លួនដែលបានចាកចេញពីផ្ទះ បាត់ដំណឹង អស់រយៈពេលជាង២ខែមកហើយ ក្រោយពីកើតមានទំនាស់ពាក្យសម្តីនឹងគ្នាតិចតួច។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចសាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសអភ័ព្វដែលពកូនតាមស្វែងរកប្រពន្ធនោះ មានឈ្មោះសាន់ សារិន ហៅវី អាយុ៣៩ឆ្នាំ មុខរបរកម្មករចៀរជ័រ មានលំនៅក្នុងភូមិគីឡូ៩៣ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកស្ត្រីជាប្រពន្ធដែលបាត់ខ្លួន មានឈ្មោះមឿន ណាមី ហៅង៉ោល អាយុ៣៣ឆ្នាំ។

បុរសជាប្តី បានឱ្យដឹងថា ក្រោយរៀបការ គាត់មានកូនស្រី២នាក់នៅក្នុងបន្ទុក ហើយរូបគាត់ បានប្រកបរបរជាកម្មករចៀរជ័រកៅស៊ូ និងរួមរស់ជាមួយប្រពន្ធកូន យ៉ាងមានសុភមង្គល មិនដែលមានរឿងរ៉ាវអ្វីល្អក់កករធំដុំនោះឡើយ។ លុះមកដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ក្រោយពីប្រកែកពាក្យសម្តីនឹងគ្នាមួយប្រាវរួចមក ស្រាប់តែស្ត្រីជាប្រពន្ធ បានប្រាប់គាត់ថា នាងទៅហើយ ទៅរកមុខរបរថ្មី រួចក៏ឡើងជិះឡានឈ្នួល ចាកចេញពីផ្ទះបាត់ ចោលកូនស្រី២នាក់ និងរូបគាត់ជាប្តី ទុកឱ្យទន្ទឹងរង់ចាំមើលផ្លូវពីមួយថ្ងៃទៅមួយថ្ងៃ តែចាំបាត់ៗ មិនឃើញវិលវិញឡើយ ធ្វើឱ្យរូបគាត់ជាប្តី ដើរតាមស្វែងរកអស់រយៈពេលជាង ២ខែមកហើយ នៅតែគ្មានដំណឹងបន្តិចណាសោះ។

បុរសជាប្តី បន្តថា លុះមកដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ គ្រាន់តែឮគេប្រាប់ថា ប្រពន្ធគាត់មកស្នាក់នៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ គាត់ក៏សម្រេចចិត្តពកូនស្រី ធ្វើដំណើរចាកចេញពីស្រុក ដើម្បីមកភ្នំពេញ តាមស្វែងរកប្រពន្ធតែម្តង។ តែខណៈមកដល់ភ្នំពេញ នៅតែរកមិនឃើញដដែល ទើបគាត់សម្រេចចិត្តពកូនធ្វើដំណើរមកសាលាសង្កាត់ចោមចៅទី៣ ទាំងទឹកភ្នែក សុំឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ផង៕

RELATED ARTICLES