ខេត្តកណ្តាល ៖ កូនប្រុសចិត្តកំណាចម្នាក់ បានយកកាំបិត ដេញកាប់គេផ្អើលពេញភូមិ រួចសុំលុយម្តាយ ចំនួន៣០ម៉ឺនរៀល ដើម្បីធ្វើ សោហ៊ុយរត់ចោលស្រុក តែម្តាយអត់មានលុយ ឱ្យ ក៏ផ្ទុះកំហឹង កាប់បំផ្លាញរបស់ទ្រព្យក្នុងផ្ទះ ខ្ទេចអស់ រួចគំរាមអារកសម្លាប់ម្តាយបង្កើត ខ្លួនឯងចោលទៀត ធ្វើឱ្យម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់អូសកកូនប្រុសនេះ យក ទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុស គំរាមអារកសម្លាប់ម្តាយខ្លួនឯងនេះ បានកើត ឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២១ នៅចំណុចភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង។
ស្ត្រីរងគ្រោះ ជាម្តាយ មានឈ្មោះអោម សារ៉ាត់ អាយុ៥៤ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុក ស្អាង។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួនមានឈ្មោះខាត់ ផាន់ ហៅទី អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុង ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង។ រីឯវត្ថុតាងចាប់យក រួមមាន កាំបិតប៉័ងតោ ចំនួន១ ផ្លែដែក ដងឈើ និងកាំបិតផ្គាក់ ចំនួន១ ផ្លែដែក ដងឈើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមកជនសង្ស័យ នៅពេលប្រើប្រាស់គ្រឿង ញៀនរួច តែងតែរករឿង សម្លុត និងគំរាម កំហែងទៅលើជនរងគ្រោះ ជាម្តាយ ជាញឹក ញ៉ាប់។ មុនថ្ងៃកើតហេតុ កាលពីថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២១ ជនសង្ស័យមានជម្លោះ ជាមួយគេផ្សេង ហើយបានយកកាំបិតផ្គាក់ យកទៅដេញកាប់គេម្តងរួចមកហើយ រួចបាន សំងំដេកនៅក្នុងផ្ទះ។
លុះព្រឹកឡើងថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង៨ព្រឹក ជនសង្ស័យទំនង ជាភ័យខ្លួន រឿងដេញកាប់គេ ក៏បានសុំលុយ ជនរងគ្រោះជាម្តាយ ចំនួន៣០ម៉ឺនរៀល ដើម្បី ចេញពីផ្ទះ (រត់ចោលស្រុកមួយរយៈ) តែដោយ ជនរងគ្រោះគ្មានលុយឱ្យ ស្រាប់តែជនសង្ស័យ ខឹង បានធ្វើសកម្មភាព បោកចានឆ្នាំង ដែលនៅ ក្នុងផ្ទះខ្ទេចខ្ទីអស់ និងបានយកកាំបិតប៉័ងតោ មកគំរាមអារក សម្លាប់ជនរងគ្រោះជាម្តាយ ថែមទៀត។

ដោយទ្រាំនឹងទង្វើបស់កូនកំណាចរូបនេះ តទៅទៀតលែងបាន ទើបស្ត្រីជនរងគ្រោះជា ម្តាយ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកអំបិល ឱ្យជួយអន្តរាគមន៍។
ក្រោយពីទទួលបានពាក្យបណ្តឹង របស់ ជនរងគ្រោះខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកអំបិល សហការជាមួយកម្លាំង ប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិង វត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី”៕