ខេត្តព្រះវិហារ ៖ ប្តីប្រពន្ធមួយគូ ដែលជាភ្ញៀវចូលរួមក្នុងពិធីភ្ជាប់ពាក្យមួយ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ដែលសាមីខ្លួនកូនកំលោះក្រមុំ បានកើតមានវិជ្ជមានកូវីដ-១៩ ទាំង ២នាក់នោះ នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្ត រកឃើញលទ្ធផលវិជ្ជមានកូវីដ-១៩ ទាំង២នាក់ប្តីប្រពន្ធ និងត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលភ្លាមៗ។
តាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារបានយកសំណាក លទ្ធផលវិជ្ជមានកូវីដ-១៩ លើប្តីប្រពន្ធ ២នាក់ ដែលបានធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកជាំក្សាន្ត កាលពីថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២១ ដែលប្តីប្រពន្ធនេះ បានចូលរួមពាក់ព័ន្ធនឹងពិធីភ្ជាប់ពាក្យនៅភូមិធម្មជាតិ ឃុំស្រអែមស ស្រុកជាំក្សាន្ត។
អ្នកជំងឺកូវីដ-១៩ ទាំង ២នាក់ប្តីប្រពន្ធនោះ បុរសជាប្តី មានឈ្មោះហែម ស៊ីណា អាយុ ៣៩ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះវុធ បញ្ញា អាយុ ១៩ឆ្នាំ។ អ្នកទាំងពីរ រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។
រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការណែនាំ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូល ដ្ឋានជាបន្ទាន់។
តាមការណែនាំរបស់ក្រុមគ្រូពេទ្យ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ត្រូវបន្តធ្វើចត្តា ឡីស័កនៅផ្ទះ រយៈពេល ១៤ថ្ងៃ ជាមួយនឹងការអនុវត្តវិធានការ “៣ការពារ ៣កុំ” របស់រាជរដ្ឋាភិបាល និងការណែនាំនានារបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យឆ្លងក្នុងក្រុមគ្រួសារ និងសហគមន៍ ដែលនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងជីវភាពរស់នៅ៕