ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចុះបិទហាងខារ៉ាអូខេ មួយកន្លែង យីហោ ផាតធី មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិប៉ប្រកត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយបានឃាត់ខ្លួនមនុស្សជាច្រើននាក់ យកទៅធ្វើចត្តាឡីស័ក។



ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោយពីហាងខារ៉ាអូខេ នេះ បានបើកទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយ ដោយផ្គើនសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទប់ស្កាតការឆ្លងរាលដាលជំងឺកូវីដ-១៩។




តាមប្រភពពីសមត្ថកិច្ចដែលបានចុះប្រតិបត្តិការ បានបញ្ជាក់ថា មុនពេលឈានដល់ការចុះបង្ក្រាបខាងលើ មានបងប្អូនប្រជាពលរដ្ឋ បានរាយការណ៍ជាសម្ងាត់មកថា ទីតាំងហាងខារ៉ាអូខេយីហោ ផាធី ខាងលើ បានលួចបើកទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយ ដោយមិនរក្សាគម្លាត មិនខ្លាចការឆ្លងជំងឺកូវីដ-១៩ និងផ្គើនសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងគណៈបញ្ជាការឯកភាពចុះបង្ក្រាបបិទហាងជាបណ្តោះអាសន្នតែម្តង។



សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៣២នាក់ ក្នុងនោះមាននារី ១៦នាក់ នាំយកទៅធ្វើចក្តាឡីស័កនៅស្នងការដ្ឋានរាជធានីភ្នំពេញ៕
