Wednesday, June 18, 2025
Homeព័ត៌មានជាតិប្រពន្ធរត់ចោល ប្តីបីកូនតូចលោតទឹក

ប្រពន្ធរត់ចោល ប្តីបីកូនតូចលោតទឹក

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវស្ត្រីជាប្រពន្ធរត់ចោល បានបីកូនតូចម្នាក់ជាប់នឹងដៃ ធ្វើដំណើរឡើងមកដល់លើស្ពានជ្រោយចង្វា ស្រាប់តែលោតពីលើស្ពានជ្រោយចង្វា ចូលទឹកទន្លេ បណ្តាល ឱ្យលិចបាត់ទាំង២នាក់ឪពុកកូន បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) តាមបណ្តោយផ្លូវលើស្ពានជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ទាំង២នាក់ឪពុក និងកូនតូចខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់អត្តសញ្ញាណខាងលើ មានបីកូនស្រីតូចម្នាក់ក្នុងដៃផង មិនដឹងថាជាកូនប្រុសឬស្រីនោះទេ ហើយគេក៏មិនដឹងថា បុរសជាឪពុករូបនោះ មានវិបត្តិអ្វីនោះទេ បានជាជិះម៉ូតូកង់បីឡើងមកដល់លើស្ពានជ្រោយចង្វាចាស់ ស្រាប់តែមកដល់ពាក់កណ្តាលស្ពាន ប្រាប់ម៉ូតូកង់បីឱ្យឈប់ រួចបីកូនតូចចុះទៅឈរតោងបង្កាន់ដៃស្ពានជាប់ រួចលោតចុះទឹក ទាំងឪពុកនិងកូន បណ្តាលឱ្យលិចបាត់ទៅក្នុងទឹកទន្លេតែម្តង ដោយបន្សល់ទុកតែស្បែកជើងកូន និង ឪពុកតែប៉ុណ្ណោះ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាអ្នកដំណើរ នាំគ្នាចោមរោមមើល និងមានការលើកឡើងប្រហាក់ប្រហែលគ្នាថា បុរសខាងលើ សង្ស័យខូចចិត្តរឿងប្រពន្ធរត់ចោល ទើបបីកូនតូច មកលោតទឹកសម្លាប់ខ្លួន ទាំងអស់គ្នាបែបនេះតែម្តង។

យ៉ាងណាក្តី នេះគ្រាន់តែជាការសន្និដ្ឋានក្រៅផ្លូវការរបស់ប្រជាពលរដ្ឋដែលចោមរោមមើលហេតុការណ៍ប៉ុណ្ណោះ ខណៈដែលដើមចមពិត នៅមិនទាន់មានប្រភពណាមួយដឹងច្បាស់នៅឡើយ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងតែស្វែងរកសព ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងសាច់ញាតិជនរងគ្រោះ៕

RELATED ARTICLES