Wednesday, June 18, 2025
Homeតារាខ្មែរគង់ សុជាតិ -ថន លក្ខិណា បារម្ភដូចគ្នា

គង់ សុជាតិ -ថន លក្ខិណា បារម្ភដូចគ្នា

គង់ សុជាតិ និងថន លក្ខិណា ដែលជ្រកកោនក្រោមដំបូលហង្សមាស ជាក្រុមហ៊ុនដែលកំពុងតែផ្ទុះរឿងកូវីដ-១៩ កក្រើកនោះ ពេលនេះពិធីការិនីទាំង២ដួង បានឆ្លងផុតដំណាក់កាលតេស្ដអវិជ្ជមានដូចគ្នា សម្រាប់លទ្ធផលលើកទី១។

គង់ សុជាតិ បានទៅធ្វើតេស្ដរកកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមីនា ហើយឃើញអវិជ្ជមាន ដែលពេលនេះអ្នកនាងកំពុងតែធ្វើចត្ដាឡីស័កនៅផ្ទះ រង់ចាំការទៅធ្វើតេស្ដជាលើកទី២ ខណៈដែលថន លក្ខិណា វិញ ទើបតែបានទៅធ្វើតេស្ដកាលពីថ្ងៃទី១៤ ខែមីនា ហើយអវិជ្ជមានដូចអ្នកនាងសុជាតិ ដែរ។

ប៉ុន្ដែសុជាតិ-លក្ខិណា នៅតែបារម្ភដូចគ្នា ព្រោះថា ពេលនេះផលិតកម្មហង្សមាស មានតារាដែលឆ្លងកូវីដ ច្រើនជាងផលិតកម្មផ្សេងទៀត ពោលគឺដល់ទៅ៦នាក់ទៅហើយ ក្នុងនោះ មានដូចជា អ្នកនាងចាន់ កែវនិមល, វី ឌីណែត, សុគន្ធ និសា, ណុប បាយ៉ារិទ្ធ, Eco Vak Song (អ្នកដឹកនាំMV) និងប្អូនថៅកែហង្សមាស។

មិនមែនមានតែសុជាតិ និងលក្ខិណា ទេ ដែលទៅធ្វើតេស្ដរកកូវីដ-១៩ នោះ ប៉ុន្ដែតារាចម្រៀង, ពិធីករ, អ្នកដឹកនាំសម្ដែង, អ្នកគ្រប់គ្រងកម្មវិធី រួមទាំងក្រុមរាំ ជាដើម នៅហង្សមាស បាននាំគ្នាទៅធ្វើតេស្ដរកកូវីដ ស្ទើរតែគ្រប់គ្នាតែម្ដង ក្រោយពីមានការសង្ស័យថា មានមនុស្សជាច្រើនទៀតនៅហង្សមាស ដែលបានធ្វើការ និងប៉ះពាល់ដោយផ្ទាល់ជាមួយតារាចម្រៀងដែលតេស្ដឃើញកូវីដ-១៩ នោះ។

គួរបញ្ជាក់ថា អ្នកនាងគង់ សុជាតិ មានភាគរយខ្ពស់ដែលសង្ឃឹមតេស្ដលើកទី២ មិនមានកូវីដ ដូចលើកទី១ ដែរ ដោយសារអ្នកនាងមិនបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកនាងចាន់ កែវនិមល ឡើយ ព្រោះមិនសូវត្រូវគ្នា។

ដោយឡែក ថន លក្ខិណា ច្រើនតែពាក់របាំងមុខការពារកូវីដ ពេលធ្វើពិធីការិនី ហេតុនេះហើយ ក្រុមអ្នកគាំទ្ររបស់ពិធីការិនីរូបនេះ ក៏ជូនពរឲ្យនាងមានសំណាងល្អសម្រាប់ការតេស្ដលើកទី២ ផងដែរ។

ប៉ុន្ដែមុនលទ្ធផលចេញនោះ គេជឿថា ទាំងគង់ សុជាតិ និងថន លក្ខិណា សុទ្ធតែបារម្ភនិងភ័យបុកពោះដូចគ្នា ព្រោះថា ជំងឺដ៏កាចសាហាវនេះ វាមិនស្គាល់តារាល្បីឬមិនល្បីនោះទេ ឲ្យតែប្រហែស ប្រាកដជានឹងប្រឈមហានិភ័យ៕

RELATED ARTICLES