អតីតតារាសម្ដែងឈាន នីហ្សា បានផ្ទុះកំហឹងខឹងសាច់ញាត្តិរបស់នាងជាខ្លាំង ហើយចេញសារពីប្រទេសបារាំង ដែលមិនធ្លាប់មានពីមុនមកឡើយ។
តាមរយៈសំណេរនោះ បញ្ជាក់ថា នីហ្សា មានការតូចចិត្តដែលរាប់អានបុគ្គលនោះដោយស្មោះអស់ពីបេះដូង តែពួកគេរត់មករកឲ្យនាងជួយ តែនៅពេលណាមានទុក្ខប៉ុណ្ណោះ។ នាងថា ពេលខ្លះបានស្រលាញ់សាច់ញាត្តិជាជាងខ្លួននាងទៅទៀត តែទង្វើដែលពួកគេសងមកនាងវិញ គឺមានតែធ្វើឲ្យនាងឈឺចិត្តចង់ឆ្កួត ហេតុនេះហើយនាងអស់និស្ស័យក្នុងការរាប់អានពួកគេត្រឹមតែប៉ុណ្ណេះ ព្រោះតែនាងមិនមែនជាតុក្កតា នោះទេ…។

ទោះជាយ៉ាងណា ឈាន នីហ្សា មិនបានប្រាប់ពីរឿងដែលនាងរាប់អានមនុស្សខុស នាំទុក្ខដាក់ខ្លួននោះថា ជាអ្នកណានោះទេ ខណៈដែលលោកជា វិបុល ស្វាមីអ្នកនាងគង់ សុជាតិ បានសួរតាមខមិនថា មានរឿងអីនោះ នីហ្សា និយាយខ្លីថា មានរឿងតិចតួច។

ឈាន នីហ្សា បានបោះបង់អាជីពសិល្បៈ ដោយចេញទៅរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមស្វាមី ក្រោយនាងបានរៀបការជាមួយអាណិកជនខ្មែរ រូបនោះកាលពីឆ្នាំ២០១៣។

ចំណងស្នេហាឆ្លងទ្វីពជាង៧ឆ្នាំនេះ នីហ្សា មានកូន២នាក់ គឺកូនប្រុសទី១. ឈ្មោះ Richard អាយុជាង៦ឆ្នាំ និងកូនស្រីទី២ ឈ្មោះ Laura អាយុជាង៣ឆ្នាំ។

នីហ្សា ធ្លាប់ប្រាប់ថា នាងចង់មករស់នៅស្រុកខ្មែរ វិញ ដោយបើកហាងនាំចូលកាបូបប្រេន ប្រេន និងលក់ផលិតផលគ្រឿងសម្អាងពីបរទេស មកស្រុកខ្មែរ ព្រោះពេលនេះនាងបានរត់ការសុំអាជ្ញាប័ណ្ណ (License) ពីក្រសួងពាក់ព័ន្ធអស់ទៅហើយ។ ប៉ុន្ដែគម្រោងរកស៊ីនេះត្រូវបានជាប់គាំង ព្រោះតែកូវីដ-១៩ ទើបធ្វើឲ្យនីហ្សា បង្ខំចិត្តត្រូវផ្អឹបមួយអន្លើសិន រង់ចាំស្ងាត់ពីជំងឺនេះ ទើបនាងចុះមកស្រុកកំណើត ហើយដំណើរការមុខជំនួញ។

នីហ្សា ថា ការរស់នៅប្រទេសបារាំង ជាមួយស្វាមី និងកូនទាំង២ គឺទទួលបានសុភមង្គលល្អណាស់ តែអ្វីដែលនាងពិបាកនោះ គឺនាងចូលចិត្តញាំម្ហូបខ្មែរ អីចឹងហើយបានជាចង់មករស់នៅស្រុកខ្មែរ វិញ ដោយទុកកូនទាំង២ ឲ្យនៅសិក្សាទីនោះ តែនាងចេញចូលទៅជួបស្វាមីនិងកូនៗជាធម្មតា៕