Thursday, June 19, 2025
Homeព័ត៌មានជាតិបន្លំភ្នែកម្តាយបាន តែបន្លំភ្នែកប៉ូលិសមិនបាន ចុងក្រោយជាប់ខ្នោះ

បន្លំភ្នែកម្តាយបាន តែបន្លំភ្នែកប៉ូលិសមិនបាន ចុងក្រោយជាប់ខ្នោះ

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានយកម៉ូតូរបស់ខ្លួនទៅបញ្ចាំបានលុយ ដើរស៊ីចាយហ្មត់ លុះផុងខ្លួនអត់មានលុយលស់ម៉ូតូមកវិញ ខ្លាចម្តាយដឹង ជេរស្តី ក៏បែកគំនិតទៅលួចម៉ូតូរបស់គេ ១គ្រឿង មកជិះដើម្បីបន្លំភ្នែកម្តាយ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចុះវាយខ្នោះដល់ផ្ទះ។

ជនសង្ស័យដែលបញចាំម៉តូឯង លួចម៉ូតូគេនោះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិផ្ចឹកជ្រំ ឃុំពេជ្រមុនី ស្រុកគងពិសី។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ែន ណាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិផ្ចឹកជ្រំ ឃុំពេជ្រមុនី ស្រុកគងពិសី។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យលួចយក ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IA-2490 ជាកម្មសិទ្ធិរបស់ឈ្មោះជឿន ចាន់សុខហេង ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅកន្លែងផ្ញើម៉ូតូក្នុងរោងចក្រ វេនធូរ៉ា ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង មានករណីបាត់ម៉ូតូ ១គ្រឿង ទើបជនរងគ្រោះជាម្ចាស់ ម៉ូតូ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចុះពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព និងធ្វើការស្រាវជ្រាវ អស់រយៈពេលជាង ១៥ម៉ោង ទើបកំណត់មុខសញ្ញាសង្ស័យបាន និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងរកឃើញវត្ថុតាង ម៉ូតូមួយគ្រឿង ដែលជារបស់ជនរងគ្រោះផងដែរ។

តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ក្រោយពេលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះម៉ែន ណាត បានឆ្លើយសារភាពថា ខ្លួនពិតបានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ខាងលើប្រាកដមែន។ មូលហេតុ ដោយសារខ្លួនបានយកម៉ូតូរបស់ខ្លួន ១គ្រឿង ទៅបញ្ចាំ និងផុងខ្លួនដើរស៊ីចាយហ្មត់ អត់មានប្រាក់លោះម៉ូតូមកវិញ ខ្លាចម្តាយដឹង ជេរស្តី ទើបរូបគេបាននឹកឃើញវិធី “លួចម៉ូតូអ្នកដទៃ យកមកបន្លំភ្នែកម៉ែ” ចៃដន្យ ពេលខ្លួនចេញមកក្បែររោងផ្ញើម៉ូតូខាងលើ ឃើញម៉ូតូ ១គ្រឿង ទុកចោល មានសោជាប់ស្រាប់ ទើបធ្វើសកម្មភាពលួចយក ប៉ុន្តែមិនបានប៉ុន្មានផង ក៏ត្រូវសមត្ថកិច្ចតាមវាយខ្នោះជាប់តែម្តង។

ជនសង្ស័យ រួមជាមួយវត្ថុតាង ម៉ូតូ ១គ្រឿង ត្រូវបានមន្ត្រីជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសំរោង ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES