Friday, June 20, 2025
Homeតារាខ្មែរអ្នកនាងពេជ្រ ច័ន្ទបរមី ស្វាមីកាន់តែកក់ក្ដៅ និងស្រលាញ់ពេញបេះដូង

អ្នកនាងពេជ្រ ច័ន្ទបរមី ស្វាមីកាន់តែកក់ក្ដៅ និងស្រលាញ់ពេញបេះដូង

បើទោះជាមហាជនមួយចំនួនមិនអាចទទួលយកបាន ព្រោះតែអតីតតារាសម្ដែងពេជ្រ ច័ន្ទបរមី ភ្ជាប់ស្នេហ៍ជាមួយស្វាមីចាស់តារាសម្ដែងដូចគ្នា គឺអ្នកនាងចាន់ តារាទី ធ្វើឲ្យតារាជើងចាស់ធ្លាក់ខ្លួនមេម៉ាយកូន៣ ក្ដី ប៉ុន្ដែសកម្មភាពរបស់អ្នកនាងបរមី ដែលបានចូលរួមមង្គលការនិងភ្ជាប់ពាក្យរបស់កូនអ្នកនាងតារាទី ដោយអ្នកនាងបរមី ដើរតួនាទីដូចជាម្ដាយក្នុងកម្មវិធីកូនដើមរបស់ប្ដី ដល់ទៅ២លើកនោះ ពិតជាធ្វើឲ្យលោកកែវ វណ្ណថន មានតួនាទីជាអគ្គនាយករងនៃអគ្គនាយដ្ឋានអន្ដោប្រវេសន៍ ប្រាកដជាស្រលាញ់ពេញចិត្ត និងកក់ក្ដៅយ៉ាងខ្លាំងចំពោះភរិយាក្រោយរបស់លោក។

អ្នកនាងពេជ្រ ច័ន្ទបរមី បានទៅចូលរួមនិងបង្ហាញកាវិការដូចជាម្ដាយបង្កើត ក្នុងកម្មវិធីមង្គលការរបស់កូនប្រុសអ្នកនាងចាន់ តារាទី ឈ្មោះថន បញ្ញារិទ្ធិ លើកទី១ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ដែលរៀបចំជប់លៀងធំនៅកោះពេជ្រ និងចូលរួមជាលើកទី២ ក្នុងពិធីភ្ជាប់ពាក្យរបស់កូនស្រីអ្នកនាងតារាទី កញ្ញាថន រាជនី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលធ្វើនៅក្នុងបុរីពិភពថ្មីចំការដូង។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ អ្នកនាងពេជ្រ ច័ន្ទបរមី បង្ហាញកាយវិការស្និទ្ធស្នាលជាមួយអ្នកនាងចាន់ តារាទី ដែលជាអតីតប្រពន្ធដើមប្ដី និងពេលខ្លះអ្នកទាំង២ ឈរថតរូបជាប់គ្នាជាមួយលោកវណ្ណថន តែម្ដង ដែលបញ្ជាក់ថា អ្នកនាងបរមី និងតារាទី គ្មានគំនុំស្នេហាត្រីកោណ ឬមិនមែនអត់សូវត្រូវគ្នានោះទេ។

ចំណែកមហាជនមួយចំនួនទៀតបានសរសើរលោកកែវ វណ្ណថន ដែលចេះដឹកនាំក្រុមគ្រួសារបានល្អ មិនឲ្យអតីតភរិយា និងអ្នកនាងបរមី មានទំនាស់គ្នាឡើយ បើទោះជាកន្លងមក អ្នកទាំង២ ធ្លាប់លេចឮថា បានប្រើសម្តីឌឺដងដាក់គ្នាខ្លះៗក្ដី តែពេលនេះមិនមានជម្លោះទេ។

ប្រភពជិតស្និទ្ធ បានឲ្យដឹងដែរថា លោកកែវ វណ្ណថន ទោះជាចែកផ្លូវគ្នាជាមួយអ្នកនាងចាន់ តារាទី ជាច្រើនឆ្នាំមែន ប៉ុន្ដែលោកមានភាពទទួលខុសត្រូវខ្ពស់ក្នុងគ្រួសារនេះ តាមរយៈការផ្គត់ផ្គង់ការសិក្សាដល់កូនទាំង៣ (ស្រី១) របស់លោក រួមទាំងការបង្ហាញផ្លូវដល់កូនៗក្នុងការធ្វើការងាររាជការ និងការជ្រើសរើសគូស្រករ ជាដើម​ទើបធ្វើឲ្យកូនៗរបស់លោកស្រលាញ់និងគោរពលោកកាន់តែខ្លាំង។

បើទោះជាអ្នកនាងពេជ្រ ច័ន្ទបរមី តែងតែបង្ហាញទឹកមុខរីករាយពេលចូលរួមកម្មវិធីមង្គលការ និងភ្ជាប់ពាក្យកូនដើមរបស់ប្ដីក៏ដោយ តែរឿងដំណឹងរៀបការរបស់នាងជាមួយលោកកែវ វណ្ណថន នៅតែស្ងាត់ដូចចោលួចសេះដដែល បន្ទាប់ពីសាងស្នេហ៍ជាង១០ឆ្នាំ មានកូន២នាក់ (ស្រី១) មក ខណៈពេលនេះគេក៏មិនទាន់លេចឮដំណឹងថា នាងមានគម្រោងយកកូនទី៣ ដែរ។

អតីតតារាសម្ដែងដែលបោះបង់អាជីពសិល្បៈជាង១០ឆ្នាំមកនេះ បានលេចមុខតាមបណ្ដាកម្មវិធីធំៗជាច្រើន ជាមួយស្វាមីអ្នកនាង មុនផ្ទុះកូវីដ-១៩ នេះ ហើយនាងក៏មិនផ្ដាច់ទំនាក់ទំនងជាមួយមិត្តភក្ដិអ្នកសិល្បៈដែលជិតដិតទាំងស្រុងដែរ​គឺតែងតែទៅចូលរួម ហើយតារាទាំងនោះបានហៅនាងថា ”ជំទាវៗ” ទៀតផង។

ប្រភពបានឲ្យដឹងថា អ្នកនាងពេជ្រ ច័ន្ទបរមី រស់នៅផ្ទះវីឡាស្កឹមស្កៃនៅខណ្ឌទួលគោក ជាមួយស្វាមីមន្រ្ដីធំ និងកូនទាំង២ យ៉ាងមានសុភមង្គល ហើយជាញឹកញាប់ គេឃើញអ្នកនាងជិះរថយន្ដម៉ាក Mercedes ដោយជួនកាលកាន់ចង្កូតឡានខ្លួនឯង និងចេញចូលផ្សារធំថ្មី ជាញឹកញាប់។

បើទោះជាពេលខ្លះ អ្នកនាងបរមី មិនសូវសម្ញែងពីឥទ្ធិពលដោយមានអង្គរក្សការពារឆ្វេងស្ដាំក្ដី និងចូលចិត្តភាពសាមញ្ញបន្ដិចក្ដី ប៉ុន្ដែគេឃើញនាងពាក់នាឡិកាដៃ ម៉ាក Richard Mille ដែល១គ្រឿង មានតម្លៃដល់ទៅ១៦ម៉ឺនដុល្លារ៕ ដោយ ៖ ហ៊ឹម វិចិត្រ

RELATED ARTICLES