ខេត្តកណ្តាល ៖ យុវជនម្នាក់បន្ទាប់ពីលេងភ្លេងក្នុងកម្មវិធីមង្គលការគេ នៅខេត្តព្រៃវែង ខណៈបើកម៉ូតូត្រឡប់មកវិញដល់ទឹកដីនៃស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងតាមពីក្រោយ រួចធាក់ផ្តួលប្លន់យកម៉ូតូបានសម្រេច គេចខ្លួនបាត់។
ករណីនេះបានកើតឡើងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ នៅចំណុចផ្លូវបេតុង វត្តគិរីរតនា ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។

មន្ត្រីនគរបាលស្រុកលើកដែក បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ស៊ីធឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកលេងភ្លេង រស់នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ចំណែកជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មិនស្គាល់ម៉ាក ស្លាកលេខ និងអត្តសញ្ញាណ។ ដោយឡែក សម្ភារៈបាត់បង់មានម៉ូតូ១គ្រឿងម៉ាកហុងដា BEAT ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខកណ្តាល 1AL-5802 ។
ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងបន្តថា កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២និង១៥នាទី ជនរងគ្រោះឈ្មោះ សុខ ស៊ីធឿន បានបើកម៉ូតូ មកពីច្រៀងនិងលេងភ្លេងក្នុងកម្មវិធីមង្គលការគេនៅស្រុកព្រះស្តេច ខេត្តព្រៃវែង វិញ។

ខណៈមកដល់រង្វង់មូលអ្នកលឿងត្រើយខាងលិច ឃើញមនុស្ស៤នាក់ ជិះម៉ូតូ២គ្រឿង ដេញពីក្រោយខ្លួន ដោយយប់ស្ងាត់ ជនរងគ្រោះក៏បើកម៉ូតូមកដល់ផ្លូវបេតុងចូលក្នុងវត្តគិរីរតនារាម។ ខណៈនោះ ជនសង្ស័យបានជិះម៉ូតូមកអែប ហើយកៀរម៉ូតូជនរងគ្រោះ និងធាក់ម៉ូតូឱ្យដួល ទើបជនសង្ស័យម្នាក់ទាញកាំបិតប៉័ងតោមកកាប់ជនរងគ្រោះ តែមិនត្រូវ ហើយលើកម៉ូតូជិះចេញទៅបាត់ស្រមោល ។

បន្ទាប់ពីចោរតាមធាក់ប្លន់ម៉ូតូយកទៅបាត់ លុះព្រឹកឡើង ទើបជនរងគ្រោះទៅរាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនល្មើសមកចាត់ការតាមច្បាប់៕