តារាចម្រៀងលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ត្រូវបានគេមើលច្បាស់ថា ពេលនេះថៅកែហង្សមាស បានយកចិត្តម្ចាស់បទ ”ពឺតៗ” រូបនេះ កាន់តែខ្លាំងឡើងៗ ពិសេសគឺក្រោយពេលដែលតារាចម្រៀងស្នូលរបស់ហង្សមាស លោកព្រាប សុវត្ថិ បានដើរចេញពីហង្សមាស ទៅចូល Galaxy ជាង៦ខែមកនេះ។

ការដែលមហាជនមើលឃើញថា ខេមរៈ សិរីមន្ដ ត្រូវបានម្ចាស់ផលិតកម្មហង្សមាស យកចិត្តកាន់តែខ្លាំងនោះ តាមរយៈសកម្មភាព ដូចជាសិរីមន្ដ បានយកភរិយាលោកអ្នកស្រីកួយ ផល្លី ទៅដឹកនាំសម្ដែងបទចម្រៀងល្បីៗរបស់ខ្លួន ស្ទើរតែគ្រប់បទទាំងអស់តែម្ដង ខណៈដែលក្មួយស្រីទាំង២ របស់សិរីមន្ដ ដែលពីមុនមិនធ្លាប់ថតសម្ដែង MV នៅផលិតកម្មណាទាល់តែសោះនោះ បែរជាបានតំណែងតួឯកក្នុងបទចម្រៀងល្បីៗរបស់សិរីមន្ដ ស្ទើរគ្រប់បទ ហើយតារាសម្ដែងផ្សេងៗទៀត ដែលធ្លាប់មានឈ្មោះបោះសំឡេងនោះមក ធ្វើជាតួរងរបស់ក្មួយស្រីសិរីមន្ដ ក៏មានដែរ។

ទស្សនិកនិយាយថា ការដែលថៅកែហង្សមាស ផ្គាប់ចិត្តសិរីមន្ដ នៅពេលនេះ ព្រោះផលិតកម្មធំនេះ ដឹងច្បាស់ថា ក្រៅពីសិរីមន្ដ គ្មានតារាណាដែលអាចយកទៅប្រជែង និងទប់ទល់ជាមួយអតីតតារារបស់ហង្សមាស ដែលល្បីល្បាញបំផុត គឺលោកព្រាប សុវត្ថិ ដែលកំពុងឈជើងនៅ Galaxy នោះឡើយ។ ប៉ុន្ដែចំណុចពិសេសនោះ គឺហង្សមាស ចង់ចងជើងសិរីមន្ដ កំឲ្យដើរចូល Galaxy។

អ្នកនិពន្ធបទភ្លេងម្នាក់នៅហង្សមាស បានឲ្យដឹងថា ពេលនេះ ហង្សមាស មិនមែនតែបើកដៃឲ្យខេមរៈ សិរីមន្ដ យកសាច់ញាតិរបស់ខ្លួនមកនិពន្ធ, ដឹក MV នោះទេ តែតាមលោកដឹង តារាណានៅហង្សមាស ក៏អាចធ្វើបានដូចគ្នាដែរ ឲ្យតែពួកគេមានសមត្ថភាព។

អ្ននិពន្ធរូបនោះ បន្ថែមថា ផលិតកម្មមួយនេះឲ្យតែគេគិតថា ការងារនោះធ្វើទៅចំណេញផលិតកម្មគេ គឺគេមិនហាមឃាត់ឡើយ។ យ៉ាងណា អ្ននិពន្ធល្បីឈ្មោះរូបនោះ ទទួលស្គាល់ថា ហង្សមាស នឹងមិនបណ្ដោយឲ្យលោកសិរីមន្ត ទៅចូល Galaxy ដូចព្រាប សុវត្ថិ ឡើយ។

ក្រោយពីល្បីបទ ”ពឺតៗ” ខេមរៈ សិរីមន្ដ ពេលនេះកំពុងតែមានសង្ឃឹមបទ ”ក្រមុំឥឡូវចាស់ៗម្ល៉េះ?” សម្រាប់បុណ្យចូលឆ្នាំខ្មែរ ខណៈដែលឆ្នាំ២០២០-២០២១ គេឃើញមានតែតារា៣ដួងប៉ុណ្ណោះ ដែលលេចធ្លោជាងគេ គឺព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងតន់ ច័ន្ទសីម៉ា ៕

