ខេត្តតាកែវ ៖ បុរសម្នាក់បើកម៉ូតូចេញពីផ្ទះទៅមើលស្រូវ ដោយចតម៉ូតូទុកក្បែរស្រែ ស្រាប់តែចោរ២នាក់ ឃើញម្ចាស់ភ្លេចខ្លួន និងស្ងាត់ល្អ ចូលទៅកាច់សោកបើកចេញទៅបាត់ ទើបម្ចាស់ឆោឡោរត់ទាំងស្លន់ស្លោទៅប្តឹងសមត្ថកិច្ចឱ្យជួយតាមចាប់ បានទាំង២នាក់ នាំយកទៅសាកសួរ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិក្រាំង ឃុំស្នោ ស្រុកព្រៃកប្បាស។

បើតាមលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងថា មានចោរលួចម៉ូតូភ្លាមៗ លោកបានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោ ចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដែលមាន ទី១-ឈ្មោះ ប៉ិច សុខលីម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ លំនៅបច្ចុប្បន្នភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុកបាទី និងទី២-ឈ្មោះ ទូច រី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

លោកអធិការបានឱ្យដឹងបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ បានបើកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ មកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AH-0809 របស់ឈ្មោះ ឃឹម សុខន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ខណៈម្ចាស់ចតទុកចោលក្បែរស្រែ រួចដើរមើលស្រូវ ដោយឃើញឱកាសល្អ ពួកគេក៏លួចយកបើកគេចខ្លួនតែម្តង។

ប្រភពឱ្យដឹងថា មួយសន្ទុះក្រោយមក ម្ចាស់ក្រឡេកទៅមើលម៉ូតូ ស្រាប់តែបាត់ពីកន្លែងចតទុក ក៏រកមើលតែមិនឃើញ ទើបរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវ។ ភ្លាមៗនោះ ដោយមិនបង្អង់យូរ កម្លាំងរបស់អធិការដ្ឋាន និងប៉ុស្តិ៍ បានតាមរក និងស្ទាក់គ្រប់ច្រកល្ហក រហូតឃាត់ខ្លួនពួកគេបានទាំង២នាក់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកម៉ូតូដែលលួចត្រូវសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះ វិញហើយ៕
