ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ជាជនជាតិវៀតណាមម្នាក់ បានចូលទៅលាក់ខ្លួនពួនអាត្មា សម្ងំក្នុងទ្រុងរថយន្តដឹកផ្លែឈើមួយគ្រឿង ដែលឆ្លងដែនចេញពីប្រទេសថៃ ដើម្បីបន្លំខ្លួនចូលមកក្នុងទឹកដីកម្ពុជា ប៉ុន្តែត្រូវបានសមត្ថកិច្ចច្រកព្រំដែន ឆែកឆេរឃើញ ក៏ធ្វើការឃាត់ខ្លួនបញ្ជូនទៅធ្វើចត្តាឡីស័ករួចរាល់ រួចបញ្ជូនបន្តទៅកាន់នាយកដ្ឋានជំនាញ ដើម្បីអនុវត្តតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចច្រកព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង។ រហូតមកដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរួចរាល់ សមត្ថកិច្ចបានសម្រេចបញ្ជូននារីជនជាតិវៀតណាមរូបនេះទៅឱ្យខាងជំនាញអន្តោប្រវេសន៍ដើម្បីចាត់ការបន្ត។

នារីវ័យក្មេងដែលបន្លំខ្លួនឆ្លងដែនចូលទឹកដីកម្ពុជា តាមរថយន្តដឹកផ្លែឈើខាងលើនេះ មានឈ្មាះទ្រឿង ទីទួហាវ (Truong Thi Tu Hao) អាយុ២២ឆ្នាំ ជនជាតិវៀតណាម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ សមត្ថកិច្ចច្រកព្រំដែន បានប្រទះឃើញនារីជនជាតិវៀតណាមខាងលើ រួមនឹងបុរសជនជាតិខ្មែរចំនួន២នាក់ផ្សេងទៀត បាននិងកំពុងសម្ងំលាក់ខ្លួននៅក្នុងរថយន្តដឹកផ្លែឈើ១គ្រឿង ដែលដឹកផ្លែឈីចេញពីប្រទេសថៃ ចូលទឹកដីកម្ពុជា ក្នុងបំណងលួចឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ និងគេចពីការធ្វើ ចត្តាឡីស័ក។ ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងបញ្ជូននារីខាងលើ រួមនឹងបុរសខ្មែរ២នាក់ផ្សេងទៀត ទៅកាន់មណ្ឌលចត្តាឡីស័ក។

ប្រភពដដែលបន្តថា រហូតមកដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រោយពីរយៈពេលកំណត់ធ្វើចត្តាឡីស័កបានបញ្ចប់ និងរកឃើញថា នារីជនជាតិវៀតណាមខាងលើ អវិជ្ជមានកូវីដ-១៩ ទើបលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសម្រេចឱ្យលោកឧត្តមសេនីយ៍ ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍ ដឹកនាំមន្ត្រីការិយាល័យជំនាញ នាំខ្លួននារី ជនជាតិវៀតណាម ឈ្មោះទ្រឿង ទីទួហាវ (Truong Thi Tu Hao) ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា៕


