ភ្នំពេញ ៖ ប្រធានអង្គការ១ បានស្នើលោកនាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាបញ្ជាការដានកងអង្គរក្ស ស៊ើបអង្កេតករណីមេចោរប្លន់ ចាប់ជំរិតម្នាក់ដែលត្រូវបានកម្លាំងប៉េអឹមបាញ់ស្លាប់ កាលពីថ្ងៃទី០១ ខែមូនា ឆ្នាំ២០២១ ដែលបានប្រើស្បែកអង្គរក្សក្លែងក្លាយ (ឯកសណ្ឋាននិងប័ណ្ណសម្គាល់ខ្លួនក្លែងក្លាយ)នោះ។
លោក ស្រី ចំរើន ប្រធានអង្គការអភិវឌ្ឍន៍យុវជនខ្មែរ ដែលធ្លាប់បានប្តឹងលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ករណីពាក់ព័ន្ធនឹងនាងស្រីមុំ នោះ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ថា “ខ្ញុំបានគោរពស្នើផ្ទាល់ជូនឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដើម្បីបើកការស៊ើបអង្កេតពិសេសបន្ទាន់ ករណីឧក្រិដ្ឋកម្មនៃផែនការជំរិត ប្លន់ ដោយប្រដាប់អាវុធ។

ខ្ញុំបាទជឿជាក់ចំពោះថ្នាក់ដឹកនាំកំពូល ព្រោះរឿងនេះ ជារឿងបុគ្គលសុទ្ធសាធ មិនមែនអង្គភាព ឬអង្គការចាត់តាំងឡើយ។
ស្នងការនៃបញ្ជាការដ្ឋានកងអង្គរក្ស ត្រូវទទួលស្គាល់សកម្មភាពគាត់ក្នុងអង្គភាព និងបញ្ជាក់ពីសមាសភាពគាត់ឡើងវិញ ហើយស្រាវជ្រាវរកអ្នកដែលចេញកាតក្លែងក្លាយឲ្យមេឧក្រិដ្ឋកម្មនោះ ដើម្បីកុំឲ្យមានលើកទី២ទៀត ក្នុងអង្គភាព។

តែសូមសម្ដែងការសោកស្តាយដែល ៖
– ស្នងការនៃបញ្ជាការដ្ឋានកងអង្គរក្ស បានធ្វេសប្រហែសឲ្យមេឧក្រិដ្ឋកម្មនោះ ប្រើប្រាស់កាតក្លែងក្លាយ និងចេញចូលបន្ទាយ ជាពិសេស ការពារភូមិគ្រឹះសម្តេចនាយករដ្ឋមន្ត្រី បាន។
– របាយការណ៍ ក៏ដូចជាការឆ្លើយតប មិនស្របតាមបច្ចេកទេសរដ្ឋបាល និងបទបញ្ជាផ្ទៃក្នុង នៃបញ្ជាការដ្ឋាននៃកងអង្គរក្ស រវាងជនល្មើស និងអង្គភាព ជូនឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងថ្នាក់ដឹកនាំ នេះជាការធ្វេសប្រហែសដ៏ធំមួយ របស់ថ្នាក់ក្រោម ។
– ហេតុអ្វីចាំបាច់ស្រែកបញ្ជាបាញ់សម្លាប់ទាំងអស់ (យោងវីដេអូ) មិនទាន់ឃើញឧក្រិដ្ឋជនបាញ់តដៃ ទាំងដែលផែនការរៀបជាច្រើនថ្ងៃហើយ បន្ទាប់ពីបានផ្ទៃក្នុងពីតៃកុងឡានថ្មី?

ហេតុអ្វីផែនការចាប់ក្រុមឧក្រិដ្ឋជននេះ ចាំបាច់ត្រូវបាញ់សម្លាប់?
– តើមេឧក្រិដ្ឋជននោះជានរណា មានសិទ្ធិប្រើកាតក្លែងក្លាយ? ស្និទ្ធស្នាលជាមួយបុគ្គលណាខ្លះ? នរណាខ្លះពាក់ព័ន្ធ ស្នើការសហការជាមួយម្ចាស់ផ្ទះ ក្នុងសំណុំរឿងនេះ?
– ហេតុអ្វីមិនឃើញមុខមេឧក្រិដ្ឋកម្មនោះ និងកាតសម្គាល់ជាប់ខ្លួន?
ជាចុងក្រោយ សូមស្នើបញ្ជាការដ្ឋាននៃកងអង្គរក្ស នឹងពិនិត្យចំពោះសមាសភាពមន្ត្រីកងកម្លាំងប្រដាប់អាវុធ ដែលនេះជារឿងធំបំផុត ថាតើកម្លាំងណាខ្លះប្រើប្រាស់កាតក្លែងក្លាយ ហើយចូលការពារជាប់ប្រមុខថ្នាក់ដឹកនាំ ពោលគឺហានិភ័យខ្ពស់បំផុតសម្រាប់ថ្នាក់ដឹកនាំ។ ស.ច.រ“។

ជុំវិញការស្នើសុំខាងលើនេះ លោក ស្រី ចំរើន សុំមិនធ្វើការបកស្រាយបន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះទេ ដោយលោកបានបញ្ជាក់ប្រាប់ «នគរធំ” នៅល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ថា សំណើរបស់លោក មានដូចដែលលោកបានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក ខាងលើនេះ។
ចំណែកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានអង្គរក្ស មិនអាចទាក់ទងសុំយោបល់បញ្ជាក់ឆ្លើយតបបានទេ កាលពីល្ងាចម្សិលមិញ។

ប៉ុន្តែ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស ធ្លាប់បានបំភ្លឺប្រាប់អ្នកសារព័ត៌មានថា ការចោទប្រកាន់របស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលថាឧក្រិដ្ឋជនឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ គឺជាកងអង្គរក្សនោះ អង្គភាពរបស់លោក បានចេញលិខិតបំភ្លឺ និងច្រានចោលរួចហើយថា ឧក្រិដ្ឋជននោះ មិនមែនជាមន្ត្រីរបស់លោកទេ ហើយប័ណ្ណសម្គាល់ខ្លួន និងរូបថតជាច្រើនសន្លឹករបស់ជនសង្ស័យ ដែលពាក់ឯកសណ្ឋានកងអង្គរក្សនោះ គឺក្លែងក្លាយទាំងអស់។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា «កាតវាក្លែងបន្លំ គឺក្លែងក្លាយទាំងអស់ ព្រោះសម័យនេះ គេធ្វើអីក៏បានដែរ។ គ្មានបញ្ជីស្នាមនៅក្នុងអង្គភាព ក្នុងអគ្គ ទាំងក្រសួង ក៏អត់មានឈ្មោះដែរ។ សំខាន់នៅក្នុងកងទ័ព តើអូនឯងលាក់ឯណាបាន គឺគ្រាន់តែចុចឈ្មោះ ចុចអត្តលេខទៅ ចេញនៅអគ្គ ចេញនៅក្រសួងហើយ។ បើអត់មានឈ្មោះផង តើទៅថា អង្គរក្សម៉េច គឺអត់មានទេ! ជាធម្មតាទេ កាលណាវាជួបមិត្តភក្តិ ជួបវាអ៊ីចឹងទៅ វាឃើញខោអាវ វាកាត់តាម វាធម្មតាទេ ព្រោះចរិតខ្មែរ ដូច្នេះអត់មាននៅក្នុងអង្គរក្សទេ គឺអត់ទាល់តែសោះ»៕ ដោយ ៖ កុលបុត្រ