ពេជ្រ សោភា ដែលអះអាងថា មានបទចម្រៀងដល់ទៅ៣០បទ ក្នុងដៃ តែមិនហ៊ានបញ្ចេញ ព្រោះតែកូវីដ មិនទាន់រលត់នោះ ចាប់ផ្ដើមចេញថត MV ព្រលែង១បទៗហើយ សម្រាប់ត្រៀមអបអរបុណ្យចូលឆ្នាំខ្មែរ ២០២១ នាពេលខាងមុខនេះ ដើម្បីទប់ស្កាត់ការធ្លាក់ចុះ បន្ទាប់ពីនាងបានស្ងប់ស្ងាត់រយៈពេលជាង១ឆ្នាំមក។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ សោភា បានងាកទៅចាប់ដៃច្រៀងនិងសម្ដែងឆ្លងឆ្លើយជាលើកទី១ ជាមួយតារាចម្រៀងកូន១ ដែលជាអតីតប្ដី អ្នកនាងចាន់ សុផានី នោះ គឺលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ តារាចម្រៀងមានកំណើតចេញពី KH។

ពេជ្រ សោភា សង្ឃឹមថា ការឆ្លងឆ្លើយជាមួយលោកហ្សូណូ នឹងធ្វើឲ្យនាងប្លែកជាងឆ្នាំមុនៗ ខណៈដែលបទចម្រៀងមួយចំនួនទៀត នាងចាប់ដៃជាមួយបុរសរោមទ្រូងច្រើន លោកឆន សុវណ្ណារាជ ផងដែរ។

ប៉ុន្ដែក្ដីសង្ឃឹមរបស់សោភា ក្នុងការផ្ទុះនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ នោះ ហាក់មិនសូវមានខ្ពស់ឡើយ ព្រោះថាពេលនេះមជ្ឈដ្ឋានមហាជនមើលឃើញថា តារាចម្រៀងនៅហង្សមាស ដែលកំពុងតែស្ទុះឡើង គឺមានតែខេមរៈ សិរីមន្ដ ម្នាក់ប៉ុណ្ណោះ។

គេជឿថា បើសិនជាសោភា ព្រលែងម្ដងដល់ទៅ៣០បទ ដែលមាននៅក្នុងដៃនោះ កុំថាលោកសិរីមន្ត ទោះជាលោកព្រាប សុវត្ថិ ក៏មិនអាចទប់ទល់បានឡើយ។

ពេជ្រ សោភា ឈរជើងនៅហង្សមាស ជាង១៥ឆ្នាំហើយ ដែលគេចាំបានថា កាលពីឆ្នាំ២០១៥ នាងបានធ្លាក់ចុះម្ដង ស្ទើរតែពិបាកស្ដារមុខមាត់ឡើងវិញទៀតផង។ ប៉ុន្ដែនៅឆ្នាំ២០១៦ នាងបានហក់ឡើងមកវិញ ក្រោយចាប់ដៃជាមួយងួន ចាន់ដេវីត ហើយបើទោះជាពេលនេះ សោភា និងដេវីត ចែកផ្លូវគ្នាមែន តែសោភា នៅតែឈក្នុងចំណោមតារាស្រីឈានមុខគេរបស់ហង្សមាស នាពេលបច្ចុប្បន្ន។

ដោយឡែក រឿងស្នេហារបស់សោភា ក្រោយធ្លាក់ខ្លួនមេម៉ាយជាង៤ឆ្នាំ បន្ទាប់ពីលែងប្ដីអាណិកជនខ្មែរ មកពីអាមេរិក លោកឡៅ ឆលី នោះ សោភា ត្រូវបានប្រុសក្មេងឆឹម សក្កដា ចូលខ្លួនមកស្អំរបួសបេះដូង តែអ្វីដែលចម្លែកនោះ ពេលសក្កដា សុំនាងរៀបការនៅឆ្នាំ២០២២ បែរជាសោភា គ្មានអារម្មណ៍រំភើបឡើយ៕