ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគបាលខេត្តពោធិ៍សាត់ ធ្វើការឃាត់ខ្លួនបាន ខណៈដែលបានខ្ចីម៉ូតូមិត្តភក្តិជិះ បែរជាយកទៅលក់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ ផាសុកភាព ដែលស្ថិតក្នុងនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះញឹក ឈុនឡា ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅភូមិអូររកា សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ជាម្ចាស់ម៉ូតូម៉ាកឌូក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-9289។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ៊ឹម គិរី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិដូង ឃុំត្រពាំងជង ស្រុកបាកាន ទើបនឹងស្គាល់គ្នាជាមួយជនរងគ្រោះ បាន ៥ថ្ងៃប៉ុណ្ណោះ។

ប្រភពដដែល បន្តថា ក្រោយកើតមានករណីខាងលើ និងបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ មកដល់វេលាម៉ោង ៧និង០៩នាទីព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានចុះទៅនាំខ្លួនជនសង្ស័យ ឈ្មោះហ៊ឹម គិរី នៅចំណុចផ្ទះសំណាក់ ផាសុកភាព ដែលស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដើម្បីនាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហ៊ឹម គិរី បានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូ ពីមិត្តភក្តិឈ្មោះឡា ប្រាកដមែន ហើយម៉ូតូនោះខ្លួនបានយកទៅលក់នៅឃុំថ្មដា ស្រុកវាលវែង បានក្នុងតម្លៃតែ ៥៥០ដុល្លារ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តពោធិ៍សាត់ ចាត់ការទៅតាមនីតិវិធី៕