ការឈរជើងនៅផលិតកម្ម Galaxy ជាង៦ខែមកនេះ អតីតតារាចម្រៀងផលិតកម្មហង្សមាស លោកព្រាប សុវត្ថិ បានដើរតួនាទីសំខាន់របស់ផលិតកម្មថ្មីនេះ ពិសេសគឺបានផ្ដល់ជំនួយមួយផ្នែកធំដល់តារាចម្រៀងវ័យក្មេង កញ្ញាតន់ ច័ន្ទសីម៉ា ឲ្យឈានទៅដល់កម្រិតកំពូលតែម្ដង នាពេលខាងមុខនេះ ក្រោយពីអ្នកទាំង២ បានច្រៀងឆ្លងឆ្លើយគ្នាជាច្រើនបទមក។

អ្នកជំនាញសិល្បៈអះអាងថា ការដែលលោកព្រាប សុវត្ថិ ក្លាយទៅជាដៃគូចម្រៀងជាមួយតន់ ច័ន្ទសីម៉ា នៅពេលនេះ គឺជាការៀបចំរបស់ Galaxy តែបើមុននេះ មាស សុខសោភា ឬពេជ្រ សោភា ដើរចូល Galaxy ដែរនោះ ប្រាកដជាព្រាប សុវត្ថិ ត្រូវពន្យារពេលចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយតន់ ច័ន្ទសីម៉ា ជាមិនខាន។

លោកនូ ស៊ិប អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស បានឲ្យដឹងថា ទោះជាពេលនេះ ព្រាប សុវត្ថិ និងតន់ ច័ន្ទសីម៉ា មានអាយុខុសគ្នាក្ដី ប៉ុន្ដែអ្នកទាំង២ អាចច្រៀងឆ្លងឆ្លើយ និងធ្វើជាដៃគូគ្នា ដោយគ្មានឧបសគ្គនោះទេ ព្រោះថាតារាវ័យក្មេងៗពេលនេះ ក៏មានសមត្ថភាពល្អៗដែរ ហើយកាលព្រាប សុវត្ថិ នៅហង្សមាស ក៏ធ្លាប់ច្រៀងជាមួយអ្នកស្រីហ៊ឹម ស៊ីវន ដែលមានអាយុច្រើនជាងលោកដែរ។

អ្នកជំនាញសិល្បៈរូបនេះ បញ្ជាក់ថា ការដែលព្រាប សុវត្ថិ ច្រៀងសម្ដែងជាមួយតារាថ្មី តន់ ច័ន្ទសីម៉ា អ្នកដែលចំណេញ និងកាន់តែល្បីថែមទៀត គឺជាតន់ ច័ន្ទសីម៉ា តែម្ដង។

ព្រាប សុវត្ថិ បានចេញបុកបទចម្រៀងសម្រាប់ចូលឆ្នាំខ្មែរ ២០២១ ជាច្រើនបទ ជាមួយតន់ ច័ន្ទសីម៉ា ប៉ុន្ដែគេមិនទាន់អាចសន្និដ្ឋានបានថា លោកនឹងផ្ទុះជាងគេ ឬយ៉ាងណានោះទេ ព្រោះថាពេលនេះ លោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ របស់ហង្សមាស ក៏មិនធម្មតាដែរ គឺចេញបទចម្រៀងប្រជែងជាមួយលោកយ៉ាងស្វិតស្វាញបំផុត ទាំងបទសម័យ បទប្រពៃណី និងរ៉េប ជាដើម៕


