Friday, June 20, 2025
Homeព័ត៌មានជាតិពួកគាត់ភ័យពេក រត់បះសក់ច្រូង ក្រោយពេលជិះម៉ូតូចេញពីផ្ទះបង

ពួកគាត់ភ័យពេក រត់បះសក់ច្រូង ក្រោយពេលជិះម៉ូតូចេញពីផ្ទះបង

ភ្នំពេញ ៖ យុវជន៣នាក់ ទើបនឹងចេញមកពីលេងផ្ទះមិត្តភក្តិ ជិះម៉ូតូ១គ្រឿងដឹកគ្នាឡ្រប់ទៅផ្ទះវិញ ស្រាប់តែពេលកំពុងធ្វើដំណើរតាមផ្លូវ ក៏ត្រូវជនសង្ស័យ១ក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដាវ និងកាំភ្លើង បានដេញកាប់និងបាញ់ទាំងកំរោល តែសំណាងល្អមិនត្រូវ និងធ្វើឱ្យយុវជនទាំង៣នាក់ភ័យពេក ដួលម៉ូតូរងរបួសពេញខ្លួន និងផ្អើលដល់សមត្ថកិច្ច២ខណ្ឌ ចេញធ្វើអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០១១ ក្បែរសាលាមត្តេយ្យសាមគ្គី ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគេទាំង៣នាក់ បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1AP-5822 ទើបនឹងចេញមកពីលេងផ្ទះបង ក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញនៅឯច្បារអំពៅ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០១១ ក្នុងទិសដៅពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដាវ និងកាំភ្លើងមួយដើមមិនស្គាល់ម៉ាក (សង្ស័យជាកាំភ្លើងប្រើខ្យល់) ជិះមកកៀរឱ្យពួកគេឈប់ រួចទាញដាវកាប់ និងដកកាំភ្លើងបាញ់២ទៅ៣គ្រាប់ ដោយមិនឮសំឡេងឡើយ តែសំណាងល្អពួកជនសង្ស័យបាញ់ពួកគេមិនត្រូវ។

ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះពួកគេភ័យស្លន់ស្លោបានដួលម៉ូតូរងរបួសពេញខ្លួន រួចក៏នាំគ្នារត់យករួចខ្លួនសិន ខណៈនោះ ក៏ប្រទះនឹងកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ កំពុងល្បាតក្នុងមូលដ្ឋានឃើញហេតុការណ៍នេះក៏នាំគ្នាចេញធ្វើអន្តរាគមន៍ និងសហការជាមួយ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ដេញចាប់ជនសង្ស័យភ្លាមៗ តែជនសង្ស័យបានបំបែកគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានប្រគល់ជនរងគ្រោះនិងម៉ូតូឱ្យទៅកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ នាំយកទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដើម្បីធ្វើការសួរនាំបន្ត៕

RELATED ARTICLES