តារាចម្រៀងសាន់ដេ លោកសុខ មេសា ហៅនាយចឺម ដែលឲ្យតែតួស្រីណាថត MV ជាមួយខ្លួន តែងតែធ្វើឲ្យម្ដាយតារាសម្ដែងទាំងនោះ មានការព្រួយបារម្ភ ខ្លាចនាយចឺម បន្លំលូនលាន់ និងចាប់ឱបថើបលើសអ្នកដឹកនាំតម្រូវនោះ ពេលនេះពួកគាត់ថា ហាក់ធូរទ្រូងឡើងវិញបន្ដិចហើយ ព្រោះថា អតីតតារាកំប្លែង CTN រូបនេះ សុភាពរាបសាជាងមុនបន្ដិច។

ប៉ុន្ដែពួកគាត់យល់ថា ការដែលនាយចឺម មិនសូវលេងឈុតកាចៗចាប់ឱបថើបតួស្រីទាំងកំរោលនោះ គឺក្រោយពេលដែលនាយ ត្រូវកីឡាករបាល់ទាត់ ឈ្មោះង៉ែត លីទី វាយឲ្យរបួសដេអស់៥ថ្នេរ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធរឿងស្នេហាត្រីកោណ ដោយប្រចណ្ឌរឿងនាយចឺម ឆាតញ៉ែសង្សាររបស់ខ្លួន នាងស្រីលាភ។

ម្យ៉ាងទៀត ពេលនេះ នាយចឺម ត្រូវសង្សារបណ្ដូលចិត្ត នាងហ្វា ហ្វា តាមឃ្លាំមើលសកម្មភាពរបស់នាយជាប្រចាំផងដែរ ទើបធ្វើឲ្យនាយ ហាក់សុភាពជាងមុន ទាក់ទងរឿងញ៉ែស្រី។

តាមព័ត៌មានថា នាយចឺម ថតសម្ដែងប៉ះតារាស្រីណាហើយ គឺតួនោះពិបាកគេចចេញពីអន្ទាក់ស្នេហ៍របស់នាយចឺម ណាស់ ព្រោះតែនាយពូកែវោហាស័ព្ទ ធ្វើឲ្យអូនអូនទុកចិត្ត និងបាក់ស្រឹបលើនាយតែម្ដង ដូចជាកន្លងមក តារាសម្ដែងសាច់សខ្ចី២ដួង គឺកញ្ញាអៀ ម៉េងលិ ហៅអូនម៉ីម៉ី និងកញ្ញាពុធ ស្រីខួច ក៏មិនអាចគេចផុតពីកណ្ដាប់ដៃនាយដែរ។

ប៉ុន្ដែស្រីស្អាតទាំង២ ដឹងថា នាយចឺម មិនសូវចេះស្មោះ ទើបពួកនាងបានផ្ដាច់ស្នេហ៍ពីនាយព្រមគ្នាតែម្ដង ដោយទៅភ្ជាប់ស្នេហ៍ប្រុសថ្មី ទើបធ្វើឲ្យតារាសាន់ដេ រូបនេះ បានត្រឹមដេកស្ដាយក្លិនអតីតសង្សារទាំង២ ហើយក៏រត់ទៅភ្ជាប់ស្នេហ៍ថ្មីជាមួយនាងហ្វា ហ្វា ។

តារាសម្ដែងហ្វា ហ្វា ក៏ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នៅពេលដែលក្រុមគ្រួសារនាង ដឹងថា នាងនិងនាយចឺម មានទំនាក់ទំនងគ្នានោះ ពីដំបូងពួកគាត់ក៏មានការបារម្ភដែរ។

ចំណែកនាយចឺម ធ្លាប់និយាយថា បើយកសង្សារមិនស្អាត តើយកមកធ្វើអី? តែយ៉ាងណា នាយថា មិនទាន់មានគម្រោងដឹកដៃអនាគតភរិយា ហ្វា ហ្វា ចូលរោងការឆាប់ៗឡើយ៕