Friday, June 20, 2025
Homeព័ត៌មានជាតិឈ្មួញដឹកឈើកាត់មុខ មន្ត្រីជំនាញ ធ្វើអត់ឃើញ

ឈ្មួញដឹកឈើកាត់មុខ មន្ត្រីជំនាញ ធ្វើអត់ឃើញ

ខេត្តកំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា យ៉ាងតិចមានរថយន្តស្ទូចចំនួន២គ្រឿង ប្រភេទហ៊ីយ៉ានដាយ ២តោនកន្លះ និង៥តោន បានដឹកឈើប្រណីត ដែលគេដឹងថា ជារបស់ឈ្មួញឈើល្បីឈ្មោះណុប ឌី ចេញពីសំរោង ឃុំត្រពាំងជោ និងពីតំបន់ជាំ ឃុំតាសាល ចូលមកកាន់ទីរួមស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ច ជំនាញជាច្រើនស្ថាប័ន ធ្វើមើលមិនឃើញ។

សេចក្តីរាយការណ៍ បានបន្តថា ឈ្មួញឈើ ណុប ឌី មានឥទ្ធិពលខ្លាំងណាស់ក្នុងការប្រមូលទិញ និងដឹកជញ្ជូនឈើក្នុងតំបន់ដែនជម្រកសត្វភ្នំឱរ៉ាល់។ ជាក់ស្តែង នៅវេលាម៉ោង៣និង ៣៦នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លោកណុប ឌី បានឱ្យកូនចៅដឹកឈើម្រេញ ចេញពីសំរោង តាមរថយន្តស្ទូច ចំណុះ៥តោន ទ្រុងពណ៌ខៀវ ក្បាលពណ៌ស និងដឹកឈើធ្នង់ ពីតំបន់ជាំ ឃុំតាសាល នៅម៉ោង៤និង១៦នាទី មកដល់ចំណុចផ្លូវបំបែកទេរទឹកពុះ តម្រង់មក ចូលទីរួមស្រុកឱរ៉ាល់ ប្រកបដោយសុវត្ថិភាព តាមរថយន្តចំណុះ២តោនកន្លះ នៅចំពោះ មុខសមត្ថកិច្ចនិងអាជ្ញាធរជំនាញជាច្រើនស្ថាប័ន មានវត្តមាននៅទីនោះ។

តាមប្រភពថា នៅស្រុកឱរ៉ាល់ លោក ណុប ឌី មានសមត្ថភាពដឹកឈើបានទាំងយប់ទាំងថ្ងៃ ទាំងឈើអារ ឈើធ្នង់ ឈើម្រេញ ឈើរាជកុល ដែលបច្ចុប្បន្នបានបន្ថែមឡានស្ទូចមួយគ្រឿងទៀត គ្រប់ចំនួន៣គ្រឿង ដើម្បីងាយស្រួលក្នុងការលើកឈើដាក់ឡាន បានទាន់ពេលវេលា ហើយសម្រុកដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ដោយមិនរំខានសមត្ថកិច្ចពាក់ព័ន្ធឡើយ៕

RELATED ARTICLES