តារាចម្រៀងកូន១ ឱក សុគន្ធកញ្ញា បានចេញសម្រុកថតបទចម្រៀងរបស់ខ្លួនឡើងវិញ ហើយទាំងបទសម័យ និងបទសម្រាប់បុណ្យចូលឆ្នាំខ្មែរ ២០២១ បន្ទាប់ពីនាងបានស្ងប់ស្ងាត់រយៈពេលជាង១ឆ្នាំ ក្រោយពីមានផ្ទៃពោះ និងសម្រាលកូនប្រុស កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ទោះជាយ៉ាងណា គេចាប់អារម្មណ៍ថា សុគន្ធកញ្ញា ដែលពេលនេះទោះជាបានរឹងដៃរឹងជើងឡើងវិញ ក្រោយកូនប្រុសអ៊ឹង បញ្ញាបុត្រ ហៅ Charlie វ័យជាង១ខួបនោះមែន តែនាងនៅតែមិនទាន់អាចធ្វើព្យុះភ្លៀងនៅហង្សមាស ដូចមុនបានឡើយ ព្រោះមិនទាន់មានបទផ្ទុះដែលខុសពីលោកខេមរៈ សិរីមន្ដ បានវ៉ាតារារួមក្រុមឡើងរាបអស់តែម្ដង។

ប៉ុន្ដែអ្នកជំនាញសិល្បៈនៅតែយល់ថា ថៅកែហង្សមាស នឹងមិនបណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ចុះជាដាច់ខាត ពិសេសគឺក្រោយពេលនាងមានប្ដីនិងកូន១។ នេះជាការលើកឡើងរបស់លោកម៉ិញ សុធីវណ្ណ នាពេលកន្លងមក។

ប៉ុន្តែអ្នកតាមដានបទចម្រៀងពីសំណាក់តារាល្បីៗ អះអាងថា ពេលនេះមានតែព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ និងតន់ ច័ន្ទសីម៉ា ប៉ុណ្ណោះ ដែលនៅតែខ្លាំង និងមានបទចម្រៀងចេញមកវ៉ាដាច់អស់តារាផ្សេងៗទៀត ពិសេសគឺបទសម្រាប់ចូលឆ្នាំខ្មែរ តែម្ដង។

ដោយឡែក អ្នកនិពន្ធបទភ្លេងម្នាក់នៅហង្សមាស អះអាងថា សុគន្ធកញ្ញា មិនទាន់មានបទចម្រៀងល្បីៗដូចមុន ដោយសារតែកត្តា២យ៉ាង គឺទី១. កូវីដ-១៩ និងទី២. ចង់សម្រាកឲ្យបានច្រើនសិន ក្រោយមានកូន១នេះ។ លោកបន្តថា ពេលចប់កូវីដ-១៩ហ្នឹង សម្រករាងមកស្វែលវិញបានហើយនោះ ទើបសុគន្ធកញ្ញា ចេញវាយលុកទីផ្សារចម្រៀងបានពេញលេញដូចដើម។

ឱក សុគន្ធកញ្ញា បានឈរជើងជាអ្នកចម្រៀងស្រីនាំមុខគេនៅហង្សមាស រយៈពេល១០ឆ្នាំ (២០០៩-២០១៩) ទើបនាងសម្រេចចិត្តដឹកដៃប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី រៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដែលធ្វើឲ្យពេលនេះ នាងបានក្លាយទៅជាតារាចម្រៀងស្រីដែលមានឥទ្ធិពលបំផុតនៅហង្សមាស។ ប៉ុន្ដែកេរ្តិ៍ឈ្មោះរបស់នាងស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ក្នុងការរក្សាតំណែងលេខ១ នៅហង្សមាស តទៅទៀត ព្រោះតែមិនទាន់មានបទល្បីៗដូចមុន បើទោះជាអ្នកជំនាញសិល្បៈ ថា សុគន្ធកញ្ញា អាចនឹងខ្លាំងជាងមុន នៅពេលខាងមុខក្ដី។

ដោយឡែក មហាជនបានមើលឃើញថា អំឡុងពេលដែលសុគន្ធកញ្ញា ស្ងប់ស្ងាត់ផ្នែកចម្រៀងនេះ តែនាងជាតារាម្នាក់ដែលកាន់តែបង្ហាញសុភមង្គលក្នុងគ្រួសារខ្លាំងជាងមុន ក្រោយមានកូន១ ហើយសកម្មភាពបែបនេះ បញ្ជាក់ថា សុគន្ធកញ្ញា កំពុងជោគជ័យទាំងចម្រៀងនិងស្នេហាតែម្ដង ដែលតារាជាច្រើនទៀតចង់មានវាសនាដូចនាង។

អ្នកគាំទ្រសុគន្ធកញ្ញា បានលើកឡើងថា ពេលនេះនៅហង្សមាស មិនមែនតែសុគន្ធកញ្ញា ម្នាក់ទេ ដែលស្ងាត់តែតារាស្ទើរតែទាំងអស់ មិនសូវលេចធ្លោដូចតែគ្នា តាំងពីផ្ទុះកូវីដ-១៩ មក ហេតុនេះហើយគេជឿថា ការមានស្វាមីនិងកូន១ នឹងមិនធ្វើឲ្យប្អូនថ្លៃថៅកែហង្សមាស រូបនេះ ខ្ទាតចេញពីតារាលំដាប់ជួរមុខឡើយ៕ ដោយ ៖ ហ៊ឹម វិចិត្រ
