ភ្នំពេញ ៖ ឯកឧត្តម អ៊ុក ពញ្ញា ប្រធានក្រុមការងារ ស.ស.យ.ក ក្នុងវិស័យអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ កាលពីព្រឹក ថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព។ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញ ដឹកនាំក្រុម យុវជន នាំយកនូវសម្ភារ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដែលកំពុងបំពេញការងារ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សម្ភារនិងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលត្រូវបានឯកឧត្តម អ៊ុក ពញ្ញា និងឯកឧត្តម ភួង សោភា នាំយកទៅផ្តល់ជូន ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ រួមមាន ជែលលាងដៃ ទឹកបរិសុទ្ធ ភេសជ្ជៈ ទឹកដោះគោ ទឹកក្រូច និងនំមួយចំនួន ព្រមទាំងនាំយក ថវិកាដែលបានមកពីការចូលរួមនៃយុទ្ធនាការ “យើងទាំងអស់គ្នាចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការផ្តល់សេចក្តី ស្រឡាញ់” ទៅជូនដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រសម្តេចតេជោដែលកំពុងបំពេញបេសកកម្មប្រឆាំងជំងឺកូវីដ-១៩ផងដែរ។

តាមការបញ្ជាក់ពីក្រុមការងារស.ស.យ.ក ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ត្បិតថាសម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលនាំមកផ្តល់ ជូនខាងលើ មានចំនួនតិចតួច ប៉ុន្តែជាការបង្ហាញនូវទឹកចិត្តសាមគ្គី និងជាផ្នែកមួយចូលរួមលើកទឹកចិត្ត និងផ្តល់កំលាំងចិត្តដល់ក្រុមគ្រូពេទ្យ នៅជួរមុខ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលកំពុងរាលដាលនៅកម្ពុជា៕






