Friday, June 20, 2025
Homeតារាខ្មែរដួង វីរៈសិទ្ធ ចេញពីហង្សមាស បានតំណែងតួឯកនៅរាម

ដួង វីរៈសិទ្ធ ចេញពីហង្សមាស បានតំណែងតួឯកនៅរាម

អតីតតារាចម្រៀងផលិតកម្មហង្សមាស លោកដួង វីរៈសិទ្ធ បានក្លាយទៅជាអ្នកចម្រៀងរបស់ផលិតកម្មរាម ក្រោយបង្ហាញខ្លួនជាផ្លូវការ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងកម្មវិធីដែលថៅកែស្រីរាម ជប់លៀងធំឲ្យមាស សុខសោភា ។

តាមរយៈការមិនស្ទាក់ស្ទើរចិត្តក្នុងការដើរចេញពីហង្សមាស នេះ ដួង វីរៈសិទ្ធ បានស្គាល់រសជាតិតួឯកពិតប្រាកដនៅរាម ខណៈដែលអំឡុងជ្រកនៅហង្សមាស ជាច្រើនឆ្នាំនោះ វីរៈសិទ្ធ បានត្រឹមតែធ្វើជាតួរងប៉ុណ្ណោះ។

អ្នកនិពន្ធបទភ្លេងនៅហង្សមាសម្នាក់ បានអះអាងថា កាលដួង វីរៈសិទ្ធ ច្រៀងនៅហង្សមាស អ្នកចម្រៀងដែលចេះធ្វើភ្លេង និងនិពន្ធចម្រៀងរូបនេះ ពិតជាបានត្រឹមតែធ្វើជាតួរងមែន ព្រោះថា កាលនោះព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ និងឱក សុគន្ធកញ្ញា គឺជាតួឯក។

លោកបន្តថា តាមការសន្និដ្ឋានរបស់លោក វីរៈសិទ្ធ នឹងស្ទុះឡើងជាងមុនជាមិនខាន ពេលទៅដល់រាម ព្រោះថានឹងបានចាប់ដៃជាមួយតារាចម្រៀងជើងខ្លាំង មាស សុខសោភា ហើយទឹមដមសំឡេងតារាទាំង២ ស៊ីគ្នា ហើយកន្លងមកពួកគេក៏ធ្លាប់ច្រៀងឆ្លងឆ្លើយគ្នាតាមបណ្ដាកម្មវិធីមង្គលការមួយចំនួនផងដែរ។

អ្នកនិពន្ធបទភ្លេងរូបនោះថា បទចម្រៀងវីរៈសិទ្ធ និងសោភា មិនមែនសម្រាប់ប្រកួតប្រជែងជាមួយហង្សមាស និង Galaxy នោះទេ ព្រោះថា រាម ធ្វើបទបែបស្រាលៗ តាមពណ៌សម្បុររបស់គេ។

ដួង វីរៈសិទ្ធ ជាម្ចាស់ពាន “I Am A Singer Cambodia” រដូវកាលទី១ ហើយពេលច្រៀងនៅហង្សមាស វីរៈសិទ្ធ ក៏ជាដៃគូដ៏ស័ក្តិសមជាមួយកញ្ញារ៉េត ស៊ូហ្សាណា និងឈិន ម៉ានិច្ច ផងដែរ។

ការចាកចេញពីហង្សមាស របស់ដួង វីរៈសិទ្ធ នេះ អំឡុងពេលដែលខេមរៈ សិរីមន្ដ កំពុងតែវ៉ាតារាទាំងឡាយនៅផលិតកម្មធំនេះ ទើបធ្វើឲ្យលេចឮថា វីរៈសិទ្ធ គ្មានជម្រើសអ្វីក្រៅពីដើរចេញនោះទេ។

ប៉ុន្ដែវីរៈសិទ្ធ បានប្រាប់តាមទូរស័ព្ទថា លោកបានផុតកុងត្រាជាមួយហង្សមាស និងគ្មានការអាក់អន់ស្រពន់ចិត្តជាមួយហង្សមាស ឡើយ តែការចូលរាម ពេលនេះដើម្បីស្វែងរកបទពិសោធន៍ថ្មីៗ ព្រមទាំងនិពន្ធភ្លេងនិងទំនុកច្រៀងឲ្យសោភា ច្រៀងផងដែរ។

លោកអះអាងថា បើហង្សមាស ហៅឡើងច្រៀង គឺលោកនៅតែឡើងឆាកទូរទស្សន៍នេះដូចមុន៕

RELATED ARTICLES