Friday, June 20, 2025
Homeព័ត៌មានជាតិយកស្រីស្អាតធ្វើធ្នាក់... ធ្វើសកម្មភាពបាន១ថ្ងៃ ជាប់ខ្នោះ៣នាក់

យកស្រីស្អាតធ្វើធ្នាក់… ធ្វើសកម្មភាពបាន១ថ្ងៃ ជាប់ខ្នោះ៣នាក់

ភ្នំពេញ ៖ យុវជនម្នាក់ទើបនឹងចេញពីផឹកស៊ី ជិះម៉ូតូតាមផ្លូវសំដៅទៅផ្ទះវិញ ស្រាប់តែប្រទះឃើញស្រីស្អាតម្នាក់ឈរបក់ដៃហៅ ក៏ឈប់ម៉ូតូសួរនាំ ស្រាប់តែលេចមុខបក្ខពួកស្រីស្អាត៦នាក់ផ្សេងទៀត បានព្រួតគ្នាកាប់ប្រហារ បណ្តាលឱ្យរយះក្បាល រងរបួសយ៉ាងធ្ងន់ រួចប្លន់យកម៉ូតូទៅបាត់ លុះក្រោយពីជនរងគ្រោះដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ក៏ត្រូវបានកម្លាំងជំនាញស្រាវជ្រាវចាប់វាយខ្នោះជនសង្ស័យប្រុសស្រី៣នាក់ ខណៈដែលបក្ខពួក៤នាក់ទៀត បានរត់គេចខ្លួនបាត់អស់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីមានករណីកាប់ប្លន់ម៉ូតូ១គ្រឿង បានសម្រេច កាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចជិតក្លឹបសេះមាស តាមផ្លូវបេតុង ស្ថិតនៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រួចមក នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ចាកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ សហការជាមួយលោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ដឹកនាំកម្លាំងធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់ ក្នុងចំណោមបក្ខពួក​៧នាក់ ដែលពាក់ព័ន្ធធ្វើសកម្មភាពកាប់ប្លន់ម៉ូតូខាងលើ។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន ទី១- ឈ្មោះ ស្រី អន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២- ឈ្មោះប៉ិល ឡែន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣- ឈ្មោះឈីម កេត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង៣នាក់ខាងលើ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ២សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

រីឯជនរងគ្រោះ មានឈ្មោះកាន់ កុសល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ។

លោកវរសេនីយ៍ត្រី ឯម ភារី បានឱ្យដឹងថា កាលវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាក HONDA BEAT ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1HN-8376 ចេញពីផឹកស៊ីជាមួយមិត្តភក្តិ គោលបំណងត្រឡប់ទៅផ្ទះ តែពេលជិះមកដល់ចំណុចជិតក្លឹបសេះមាស តាមផ្លូវបេតុង ស្ថិតនៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក៏មាននារីវ័យក្មេងម្នាក់ បក់ដៃហៅ។

ពេលនោះជនរងគ្រោះបានឈប់សួរនាំ ហើយចៃដន្យមានមិត្តភក្តិទូរស័ព្ទមកផង ក៏ឈប់ម៉ូតូមិនទាន់បាននិយាយផង ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ មិនចាំស្លាកលេខ មកពីក្រោយ ប្រដាប់ដោយដាវកាប់ប្រហារចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ រួចប្លន់យកម៉ូតូគេចខ្លួនបាត់អស់តែម្តង ហើយជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកដួលហូរឈាម ទើបប្តឹងសមត្ថកិច្ចចុះជួយអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា ប្រទះឃើញបុរសម្នាក់ដួលសន្លប់ ករណីមានជនសង្ស័យកាប់ប្លន់ម៉ូតូ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ក៏ឃើញមានរថយន្តសង្គ្រោះគ្លីនិកឯកជន ដឹកជនរងគ្រោះយកទៅព្យាបាល ណាមួយដោយសារជនរងគ្រោះរងរបួសធ្ងន់ផង ទើបមិនទាន់សាកសួរ។ លុះព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះ និងក្រុមគ្រួសារ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឱ្យសមត្ថកិច្ចតាមស្រាវជ្រាវរកចាប់ជនសង្ស័យ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វើការស្រាវជ្រាវ ក្តាប់មុខសញ្ញា និងបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់ នៅក្នុងបន្ទប់ជួល ចំណែកបក្ខពួក ៤នាក់ទៀត បានរត់គេចខ្លួនបាត់។

ជនសង្ស័យប្រុសស្រី ៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ រៀបចំកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត។ ចំណែកបក្ខពួក ៤នាក់ ដែលនៅសេសសល់ កម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES