ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់បានបាត់ប្តីមិនឃើញមកផ្ទះ ក៏ចេញដើរតាមរកប្តីរបស់ខ្លួន ពេញភូមិ នៅតែមិនឃើញ ក៏តាមទៅរកនៅវាលស្រែទៀត ស្រាប់តែដើរហត់ពេក ក៏ដួលផ្កាប់មុខស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣៥នាទីព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវរទេះ ក្រោយផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះហុំ ហ៊ន ភេទស្រី អាយុ៣៧ឆ្នាំ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន។
សពស្ត្រីរងគ្រោះ មានឈ្មោះសោ ចាន់ធា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះរបស់ឈ្មោះហុំ ហ៊ន ដោយតាមរកប្តីរបស់ខ្លួន ដែលបាត់មិនឃើញមកផ្ទះ តែរកមិនឃើញ ក៏ដើរចេញទៅរកនៅវាលស្រែ ដោយដើរក្នុងសភាពញីញ័រ តាមក្រោយក្មេងឃ្វាលគោ ពេលមកដល់ចំណុចខាងលើ ក៏ស្រាប់តែបានដួលផ្កាប់មុខ បែកមាត់ រួចក៏ប្រឹងងើបអង្គុយមួយសន្ទុះ ក៏បានដេកទៅវិញ។
ឃើញបែបនេះ ក្មេងឃ្វាលគោឈ្មោះភ័ណ្ឌ សីហា ភេទប្រុស អាយុ១៣ឆ្នាំ ក៏រត់ទៅប្រាប់អ៊ំស្រីឈ្មោះហុំ ហ៊ន ហើយគាត់បានដើរមកមើល ក៏ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ នៅកណ្តាលផ្លូវរទេះគោ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចជំនាញពិនិត្យវិភាគកន្លែងកើតហេតុ បានចុះធ្វើកោសល្យវិច័យ ពិនិត្យ និងសន្និដ្ឋានថា ជនរងគ្រោះខាងលើស្លាប់ដោយសារខ្យល់គរ។
សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕