Friday, June 20, 2025
Homeព័ត៌មានជាតិអធិការស្រុកកោះធំ មានរឿងបែបនេះផង ពេលនេះកូនចៅប្តឹងហើយ

អធិការស្រុកកោះធំ មានរឿងបែបនេះផង ពេលនេះកូនចៅប្តឹងហើយ

ខេត្តកណ្តាល ៖ លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ ត្រូវបានមន្ត្រីនគរបាលស្រុកកោះធំ និងប្រជាពលរដ្ឋរស់នៅស្រុកកោះធំ សុំមិនបញ្ចេញឈ្មោះ បានរួមគ្នាផ្តិតមេដៃដាក់ពាក្យបណ្តឹងទៅថ្នាក់ដឹកនាំ ឱ្យជួយពិនិត្យមើលការងារដឹកនាំរបស់លោកអធិការស្រុកកោះធំ និងបក្ខពួកដែលសម្បូររឿងអាស្រូវ។

យោងតាមពាក្យបណ្តឹងដែលបានបែកធ្លាយដល់បណ្តាសារព័ត៌មាន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ បានរៀបរាប់ថា លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ និងបក្ខពួក បានធ្វើឱ្យមន្ត្រីនគរបាលក្នុងអធិការដ្ឋានទាំងមូល បែកបាក់សាមគ្គីភាពគ្នា ដោយលោកអធិការ ប្រកាន់យកបក្ខពួកនិយម អួងអាងថាមានខ្សែខ្នងធំៗចាំជួយ រហូតដល់ប្រព្រឹត្តអំពើពុករលួយខុសច្បាប់ជាច្រើន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

មិនតែប៉ុណ្ណោះ លោកអធិការ ចូលចិត្តដើរផឹកស៊ី ច្រៀងខារ៉ាអូខេ មិនយកចិត្តទុកដាក់ជាមួយការងារ ធ្វើឱ្យក្នុងមូលដ្ឋាន កើតមានបទល្មើសជាបន្តបន្ទាប់ ទាំងអំពើចោរកម្ម លួច ឆក់ និងមានក្មេងទំនើងបង្កអសន្តិសុខពេញមូលដ្ឋាន សូម្បីតែក្មេងជក់ថ្នាំញៀន ក៏សម្បូរ រីឯវង់ល្បែងរីកគ្រប់កន្លែង។

ពាក្យបណ្តឹងខាងលើ បានចោទប្រកាន់ទៅលើលោកអធិការរូបនេះទៀតថា ដោយឡែក មន្ត្រីណាដែលចង់ឡើងតួនាទីបុណ្យស័ក្តិ ទោះជាខិតខំប្រឹងប្រែងធ្វើការងារបម្រើជាតិយ៉ាងណាក៏ដោយ បើគ្មានលុយកាក់សូកប៉ាន់ទេ កុំសង្ឃឹមថានឹងបានឡើងស័ក្តិឱ្យសោះ រហូតដល់ធ្លាប់ផឹកស៊ីស្រវឹង រករឿងទះកំផ្លៀងមន្ត្រីក្រោមឱវាទម្នាក់ថែមទៀតផង។

ជុំវិញការប្តឹងចោទប្រកាន់ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES