ភ្នំពេញ ៖ ជនរងគ្រោះប្រុសស្រីដែលជាប្តីប្រពន្ធ២នាក់ ជិះម៉ូតូយ៉ាងលឿនក្នុងសភាព ភ័យស្លន់ស្លោ ក្រោយពីក្រុមចោរមានគ្នា២នាក់ បានធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់បានសម្រេច ហើយបើកម៉ូតូគេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចសោះឡើយ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០១ នៅចំណុចគល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ជនរងគ្រោះពីនាក់ប្តីប្រពន្ធមិនត្រូវបាន ស្គាល់អត្តសញ្ញាណនោះទេ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធ២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1P-7752 ចេញពីម្តុំលូប្រាំ ក្នុងគោលបំណងទៅផ្ទះនៅម្តុំស្តុបចំការមន ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅត្បួងទៅជើង។
លុះពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យ២នាក់ ជិះម៉ូតូស្កុបពីមួយគ្រឿង មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់ តែសំណាងល្អ ជនរងគ្រោះមិនដួលម៉ូតូ ហើយក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់មិនរំខាន ដល់នគរបាលប៉ុស្តិ៍ នៅក្បែរនោះឡើយ។
ប្រភពដដែលឱ្យដឹងដែរថា នៅក្នុងកាបូបនោះ មិនមានលុយកាក់ ឬទ្រព្យសម្បត្តិអ្វីច្រើនទេ គឺបាត់បង់តែកាតបសស១ សន្លឹកនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក។

ពលរដ្ឋចាំមើលថា តើសមត្ថកិច្ចអាចស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យដែលតែងតែធ្វើសកម្មភាពស្ទើរតែរាល់យប់ នៅលើស្ពាន និងក្រោមស្ពានស្ទឹងមានជ័យ ដែលម្នាក់ៗលែងចង់ហ៊ានធ្វើដំណើរឆ្លងកាត់នៅពេលយប់ស្ងាត់នោះ មកដាក់ទោសតាមច្បាប់ដែរឬយ៉ាងណា ឬទុកឱ្យពលរដ្ឋភ័យខ្លាចរាល់ថ្ងៃបែបនេះទៀត៕