មាស សុខសោភា ដែលបរាជ័យការចរចាជាកញ្ចប់ជាមួយផលិតកម្មរស្មីហង្សមាស ព្រោះតែបងប្រុសរបស់នាង លោកមាស សុខរតនៈ ដែលជាអតីតអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន មិនបានតំណែងដូចការចង់បាននោះ ពេលនេះនាងនឹងចេញបើកឆាកបទចម្រៀងនៅផលិតកម្មរាម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ហើយតាមរយៈបទ ”ត្រឡប់” ដោយមាស សុខសោភា ហាក់នៅតែមាននឿចិត្តថា នាងនៅតែមានទស្សនិកជនគាំទ្រដូចមុន។

ប៉ុន្ដែគេកត់សម្គាល់ថា តំណែងធំៗរបស់រាម គ្មានឈ្មោះនិងតួនាទីរបស់បងប្រុសនាង លោកមាស សុខរតនៈ ឡើយ តែបែរជាមានឈ្មោះថៅកែស្រីរាម លោកស្រីនួន ស៊ុន្ទរី មកដឹកនាំសម្ដែង MV បទទី១ របស់នាងទៅវិញ ទើបធ្វើឲ្យមានការចាប់អារម្មណ៍ថា ដើម្បីកុំឲ្យសោភា ធ្លាក់ទឹកនូវបទបើកឆាកនោះ ថៅកែស្រីចេញមុខជួយអន្ដរាគមន៍សោភា ដោយផ្ទាល់តែម្ដង។

ទោះជាយ៉ាងណា គេពិបាកជឿជាក់ថា មាស សុខសោភា នៅតែខ្លាំងដូចមុនទៀត តាមរយៈការឈរជើងនៅទ្រនំថ្មី ដែលមិនធ្លាប់មានបទពិសោធន៍ផលិតផ្នែកចម្រៀងពីមុនទាល់តែសោះនេះ ដោយសំអាងថា ពេលនេះតារាចម្រៀងវ័យក្មេងរបស់ Galaxy តន់ ច័ន្ទសីម៉ា កំពុងតែផ្ទុះធ្វើឲ្យតារាចម្រៀងខ្លាំងៗ ពិបាកទប់ទល់ ក្រោយពីនាងចាប់ដៃជាមួយព្រាប សុវត្ថិ ។

ចំណែកមាស សុខសោភា បានផាត់ចោលផលិតកម្មហង្សមាស និង Galaxy ហើយទៅជ្រកនៅរាម នោះ នឹងគ្មានដៃគូតារាចម្រៀងប្រុសណាដែលស័ក្តិសមក្នុងការច្រៀងសម្ដែងជាមួយនាងឡើយ បើទោះជាមានលោកដួង វីរសិទ្ធ តែម្នាក់ក៏ដោយ។

មាស សុខសោភា មុនទៅដល់រាម នាងធ្លាប់ច្រៀងសម្ដែងនៅផលិតកម្មរស្មីស្ទឹងសង្កែ, U2 ឬ CB, M, សាន់ដេ និងថោន ដែលទ្រនំទី៦នេះ ថៅកែស្រីបានបើកសិទ្ធិឲ្យនាងច្រៀងនៅផលិតកម្មផ្ទាល់ខ្លួន Camtrax ផងដែរ។

ក្រៅពីរកបានទ្រនំថ្មីនេះ មាស សុខសោភា ក៏ត្រៀមដឹកដៃប្ដីលោកអ៊ឹត រ៉ាដា រៀបការនៅឆ្នាំ២០២១នេះផងដែរ ក្រោយពេលភ្ជាប់ស្នេហ៍បានជាង១១ឆ្នាំ៕
