ភ្នំពេញ ៖ បន្ទាប់ពីបានក្លាយជាតួឯកស្រីដំបូង ក្នុងរឿង “បាបស្នេហ៍អតីត” ដែលកំពុងដំណើរការថត មិនទាន់បានប៉ុន្មានផង ស្រាប់តែលេចឮព័ត៌មានចចាមអារ៉ាមថា ស្រីស្អាត សេង រដ្ឋា និងតួឯកប្រុស លោកឃឹម ហ្សានិត មានស្នេហាក្រៅឆាក ដោយមានប្រភពព័ត៌មានខ្សឹបខ្សៀវថា លោកឃឹម ហ្សានិត ដែលជាបុរសមានប្រពន្ធនិងកូន១ ទៅហើយនោះ លង់នឹងសម្រស់ស្រីស្រស់ក្មេងខ្ចី សេង រដ្ឋា អតីតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២០ (Miss Grand Cambodia 2020) បន្ទាប់ពីបានសម្តែងឈុតឆាកស្នេហាក្នុងសាច់រឿងជាមួយគ្នា តួឯកប្រុស លង់ស្នេហ៍តួឯកស្រី ក្រៅឆាកទៀត។

ទោះបីជាយ៉ាងណា កញ្ញាសេង រដ្ឋា បានចេញមុខបំភ្លឺ តាមរយៈ ”នគរធំ” នៅពេលនេះថា ពាក្យចចាមអារ៉ាមខាងលើនេះ មិនមែនជាការពិតឡើយ កញ្ញា គ្មានស្នេហាក្រៅឆាកជាមួយលោកឃឹម ហ្សានិត ដែលជាតួឯកប្រុសក្នុងរឿង រឿង “បាបស្នេហ៍អតីត”នោះទេ។ កញ្ញា បញ្ជាក់ថា កញ្ញាមិនអាចមានស្នេហាជាមួយបុរសដែលជាប្តីគេនោះបានទេ។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយកញ្ញាសេង រដ្ឋា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ៖
នគរធំ ៖ ជម្រាបសួរ កញ្ញាសេង រដ្ឋា! ជាដំបូង ចង់ដឹងថា តើដំណើរការថតរឿង «បាបស្នេហ៍អតីត» នោះ ទៅដល់ណាហើយ?
កញ្ញាសេង រដ្ឋា ៖ ចាស! ទាក់ទងនឹងការថត យើងចាប់ផ្ដើមថត តាំងពីក្រុងពលី (ថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២១) តែទាក់ទងថា ថតដល់ណាហើយនោះ ខាងក្រុមហ៊ុនថា មិនអាចប្រាប់បាន ព្រោះវាជាតូនាទីអីអ៊ីចឹងទៅ គ្រាន់តែថា យើងកំពុងតែថតជារៀងរាល់ថ្ងៃ ហើយខែ៣ (មីនា) ហ្នឹង មានឈុតថតច្រើនទៀត។ យើងមានថ្ងៃសម្រាក ទៅតាមពេលវេលាដែលតួដាក់ឲ្យ គ្រាន់តែថត មានតួអង្គច្រើន តួខ្លះគាត់ទំនេរ តួខ្លះគាត់រវល់ អ៊ីចឹងថ្ងៃអាទិត្យ ក៏ថត ហើយថ្ងៃផ្សេងទៀត អាចនឹងទំនេរ អាស្រ័យលើតួ។ និយាយទៅ ខ្ញុំថតរឿងហ្នឹង តាំងពីថ្ងៃទី០៤ ខែ២ (កុម្ភៈ) មក ។

នគរធំ ៖ អីចឹងតាមគម្រោង ការថតរឿងនេះ នឹងបញ្ចប់នៅពេលណា? ហើយនឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ នៅពេលណា?
កញ្ញាសេង រដ្ឋា ៖ អូ! រឿងហ្នឹង យើងមិនដឹងថា បញ្ចប់នៅពេលណាទេ ហើយចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ នៅពេលណាទេ ដោយសាររាល់ថ្ងៃ យើងកំពុងតែថត ហើយដោយសារតែយើងទើបថតបានប៉ុន្មានថ្ងៃ ទីតាំងថត មានតែនៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងផ្ទះវីឡាមួយ ជាយរាជធានីភ្នំពេញ ដោយមិនទាន់មានថតនៅតាមខេត្តទេ។

នរគធំ ៖ តើសង្ឃឹមថា កញ្ញានឹងល្បីឈ្មោះ តាមរយ:រឿងនេះទេ?
កញ្ញាសេង រដ្ឋា ៖ និយាយទៅ ខ្ញុំមិនទាន់ដឹងទេ ដោយសារការសម្ដែងថ្មីថ្មោងមែនទែន តែខ្ញុំបានប្រឹងប្រែងសម្ដែងឲ្យអស់ពីសមត្ថភាព ធ្វើអស់ពីចិត្តហើយ ដើម្បីទទួលបានការគាំទ្រ។ ដូច្នេះទោះបីល្បីមិនល្បី ក៏ខ្ញុំអាចទទួលបាន តែខ្ញុំក៏ជឿថា នឹងមានការគាំទ្រពីទស្សនិកជន។

នគរធំ ៖ បន្ទាប់ពីបានសម្តែងជាតួឯកជាមួយលោកឃឹម ហ្សានិត ក្នុងរឿង «បាបស្នេហ៍អតីត» នេះ លេចឮពាក្យចចាមអារ៉ាមថា លោកឃឹម ហ្សានិត ជាតួឯកប្រុស លង់នឹងសម្រស់របស់កញ្ញា រហូតលង់ស្នេហ៍កញ្ញា នៅក្រៅឆាកទៀតផង ទាំងដែលលោកមានប្រពន្ធកូនរួចហើយ។ តើកញ្ញា មានការភ្ញាក់ផ្អើលទេ ចំពោះព័ត៌មានលេចឮបែបនេះ? ហើយបកស្រាយបំភ្លឺយ៉ាងណាដែរ?
កញ្ញាសេង រដ្ឋា ៖ ខ្ញុំអត់មានការភ្ញាក់ផ្អើលអីទេ ព្រោះខ្ញុំនិងគាត់ គ្មានអីនឹងគ្នាក្រៅឆាក ក្រៅពីនៅក្នុងការសម្ដែងទេ ហើយគាត់ក៏ដូចជាមិនមានចិត្តអៅលើខ្ញុំ ក្រៅការសម្ដែងដែរ មានតែនៅក្នុងការសម្ដែង គាត់ណែនាំខ្ញុំឲ្យធ្វើអ៊ីចេះៗ ហើយអ្នកសម្ដែងទាំងអស់ យើងសុទ្ធតែមានភាពស្និទ្ធស្នាលនឹងគ្នាទាំងអស់។ និយាយទៅ ពួកគាត់ជាតួសម្ដែងទាំងអស់ រូមទាំងគាត់ជាតួឯកប្រុសផង ប្រៀបដូចជាប៉ា ដូចជាបងប្អូននៅក្រៅអ៊ីចឹង។

នគរធំ ៖ ប៉ុន្តែសម្រាប់កញ្ញា មើលឃើញលោកឃឹម ហ្សានីត ជាមនុស្សយ៉ាងណាដែរ?
កញ្ញាសេង រដ្ឋា ៖ គាត់ជាមនុស្សមានចរិតល្អ ពេលដែលខ្ញុំសម្ដែងជាមួយគាត់ គាត់ធ្វើម៉េចឲ្យមានការគាំទ្រ បានន័យថា សម្ដែងជាមួយគាត់ បានចុះសម្រុងនឹងគ្នាល្អ គាត់ព្យាយាមកែចំណុចខុសក្នុងការសម្ដែងរបស់យើង។

នគរធំ ៖ ទោះយ៉ាងណា កញ្ញាមានការព្រួយបារម្ភខ្លាចគេផ្សារភ្ជាប់រឿងនេះទៅជាព័ត៌មានស្នេហាក្រៅឆាកជាមួយគ្នាទេ ព្រោះថា អ្នកទាំងពីរសម្ដែងបានស្និទ្ធ ស័ក្ដិសមនឹងគ្នាយ៉ាងនេះ?
កញ្ញាសេង រដ្ឋា ៖ អត់មានខ្លាចផង ព្រោះអី្វដែលជាក់ស្ដែង វាមិនអាចទៅរួច ដូច្នេះខ្ញុំចង់ជម្រាបមជ្ឈដ្ឋានមហាជន ឲ្យបានច្បាស់ថា ជាទូទៅនៅក្នុងការសម្ដែងជាមួយគ្នា អាចនឹងមានសកម្មភាពនៅជាមួយគ្នា ហើយនិងសកម្មភាពផ្សេងទៀត ដើម្បីទាក់ទាញឲ្យទស្សនិកជនមើល តាមដានតូឯកប្រុសស្រីហ្នឹង មានសកម្មភាពនៅក្នុងរឿងហ្នឹង ហើយដូចខ្ញុំបញ្ជាក់ពីខាងដើម ពេលសម្ដែងជាមួយនោះ គាត់ព្យាយាមធ្វើយ៉ាងម៉េច ឲ្យខ្ញុំឆាប់ចាប់បាន ឆាប់សម្ដែងជាមួយគ្នាបានរលូន ឯនៅក្រៅសាច់រឿង មិនមានឡើយ សូម្បីតែដើរលេងជាមួយគ្នាអី ញ៉ាំអីជាមួយគ្នា ក្រោយការសម្ដែង ក៏មិនមានដែរ គឺសម្ដែងចប់ ទៅផ្ទះរៀងខ្លួន គឺអាចថា ខ្ញុំសម្ដែងចប់ ម៉ោង៣ ទៅផ្ទះម៉ោង៣។ និយាយឲ្យខ្លីទៅ ជីវិតពិត វាខុសពីជីវិតសម្ដែង តែអ្នកខ្លះ ភាគច្រើនគាត់តែងតែយល់ច្រឡំថា ដូចគ្នា ដូចនេះខ្ញុំចង់បា្រប់ថា កុំមានការយល់ច្រឡំថា គាត់មានស្នេហានឹងខ្ញុំ។

នគរធំ ៖ ក្នុងនាមជាមនុស្សស្រីម្នាក់ តើកញ្ញាយល់យ៉ាងណា បើសិនជាមានមនុស្សស្រី មានស្នេហាជាមួយបុរសដែលមានប្រពន្ធកូនហើយ? ឬបុរសជាប្ដីគេ លង់ស្នេហ៍ខ្លួននោះ?
កញ្ញាសេង រដ្ឋា ៖ សម្រាប់ខ្ញុំ បើគេធ្វើអ៊ីចឹង ខ្ញុំអត់ខឹងទេ ព្រោះអីជាសិទ្ធិរបស់គេ តែអ្វីជាក់ស្ដែង គំនិតរបស់ខ្ញុំៗអត់បានគិតអ៊ីចឹងទេ គឺអត់បានស្រឡាញ់គ្នាអ៊ីចឹង។
នគរធំ ៖ ក្នុងចំណុចនេះ បើព័ត៌មានចចាមអារ៉ាមនេះ នៅតែលេចឮ តើកញ្ញា មានការបារម្ភខ្លាចប្រពន្ធរបស់ឃឹម ហ្សានីត ប្រចណ្ឌខឹងនឹងកញ្ញាទេ?

កញ្ញាសេង រដ្ឋា ៖ បើមានព័ត៌មានហ្នឹងមែន ខ្ញុំគិតថា ខ្ញុំអត់មានអីច្រើនទេ ខ្ញុំនិយាយពាក្យខ្លីមួយម៉ាត់ គឺខ្ញុំសម្ដែងជាមួយគាត់ ហើយខ្ញុំនិងគាត់ ជាមនុស្សប្រុស មនុស្សស្រី ហើយខ្ញុំអត់មានផ្សេងក្រៅពីដូចតួសម្ដែងផ្សេងៗ ដែលយើងរាប់អាន និយាយគ្នា ហើយខ្ញុំរៀនសូត្រពីគាត់ ទាំងបងហ្សានិត ដែរ ទុកគាត់ដូចជាបងប្រុសម្នាក់ ហើយភរិយារបស់គាត់ ក៏ដូចជាបងស្រីអ៊ីចឹងដែរ ព្រោះអីខ្ញុំជំនាន់ក្រោយ។
នគរធំ ៖ សំណយរចុងក្រោយ តើសព្វថ្ងៃ កញ្ញា មានសង្សារ ឬម្ចាស់បេះដូងហើយឬនៅ?
កញ្ញាសេង រដ្ឋា ៖ ចា! និយាយរឿងហ្នឹង ខ្ញុំសុំលាក់ អត់ទាន់និយាយបានទេ៕ ដោយ ៖ កុលបុត្រ