Friday, June 20, 2025
Homeតារាខ្មែរសម ម៉ាណា បាត់មុខពីសិល្បៈជាច្រើនឆ្នាំ បណ្តើរកូនស្រីម្នាក់ដ៏ស្រស់ស្អាត

សម ម៉ាណា បាត់មុខពីសិល្បៈជាច្រើនឆ្នាំ បណ្តើរកូនស្រីម្នាក់ដ៏ស្រស់ស្អាត

តារាសម្ដែងសម ម៉ាណា ដែលបាត់មុខពីសិល្បៈជាច្រើនឆ្នាំមកហើយ និងមិនដែលឃើញរៀបការនោះ ស្រាប់តែថ្មីៗនេះ លេចឮព័ត៌មានថា នាងមានកូន១ ទៅហើយ។

ការធ្លាយរឿងស្រីស្រស់ម៉ាណា មានកូនខ្ចីនេះ នៅពេលដែលអ្នកសម្ដែងរូបនេះ បានទៅចូលរួមខួបកំណើតលោកយ៉ែម សំអូន កាលពីពេលថ្មីៗនេះ ហើយមានក្មេងស្រីម្នាក់បីកូនង៉ាតាមក្រោយនាង ទើបធ្វើឲ្យអ្នករួមអាជីពនាំគ្នាខ្សឹបខ្សៀវគ្នាថា ក្មេងនោះជាកូនរបស់អ្នកនាងម៉ាណា។ ប៉ុន្ដែតារាខ្ពស់ស្រឡះ ម៉ាណា មិនឆ្លើយតបចំពោះមិត្តភក្ដិសួរនាំរឿងមានកូននោះឡើយ។

អ្នកយកព័ត៌មានយើងបានទាក់ទងតាមទូរស័ព្ទទៅតារាសម្ដែងសម ម៉ាណា កាលពីថ្ងៃទី២៦ ខែកុម្ភៈ តែទូរស័ព្ទតេមិនចូលឡើយ ទើបមិនអាចសុំការបំភ្លឺរឿងគេថា នាងមានកូន១នេះបានទេ។

យ៉ាងណា នៅពេលសួរតារាសម្ដែងមួយចំនួន ដែលជិតដិតម៉ាណា ពួកគេទទួលស្គាល់ថា លេចឮថា ម៉ាណា មានកូន១មែន តែមិនដឹងថា ស្វាមីនាងជាអ្នកណាឡើយ។

សម ម៉ាណា បានលឹបលៗក្នុងអាជីពសិល្បៈ បន្ទាប់ពីធ្លាប់លេចឮថា នាងត្រូវបានថៅកែសាំងម្នាក់ តាមសុំស្នេហាជាច្រើនឆ្នាំ តែនាងមិនដែលចេញមុខបកស្រាយរឿងស្នេហាឡើយ គឺនៅតែបន្ដសាងស្នេហ៍ដោយអាថ៌កំបាំងជាច្រើនឆ្នាំ។

តាមព័ត៌មានថា អំឡុងពេលដែលម៉ាណា រយាលៗពីសិល្បៈនេះ នាងកាន់តែមានជីវភាពធូរធា ដូចជា រស់នៅផ្ទះវីឡាស្កឹមស្កៃ និងជិះរថយន្ដទំនើបៗ ឆ្លាស់គ្នាជាញឹកញាប់ទៀតផង។

ការធ្លាយរឿងម៉ាណា មានកូន១ ទាំងមិនទាន់រៀបការនេះ ធ្វើឲ្យមជ្ឈដ្ឋានមហាជនកាន់តែផ្ដោតថា បច្ចុប្បន្នតារាយកកូនមុនរៀបការកាន់តែជាទីពេញនិយម ខណៈដែលអ្នកខ្លះសុខចិត្តលាក់មុខប្ដីជាច្រើនឆ្នាំ រហូតដល់មានកូនធំៗ ទើបពួកគេថា មានស្វាមីយូរហើយ។

ចំណែកសម ម៉ាណា គេជឿថា គូស្នេហ៍របស់នាងប្រាកដជាបុរសអ្នកមានទ្រព្យស្ដុកស្ដមជាមិនខាន ទើបពេលនេះទោះជានាងមិនលេងសិល្បៈ ក៏មិនជួបវិបត្តិសេដ្ឋកិច្ចឡើយ៕

RELATED ARTICLES