តារាចម្រៀងតូចច្រឡឹងរបស់ផលិតកម្ម Galaxy កញ្ញាតន់ ច័ន្ទសីម៉ា បានបង្ហាញខ្លួននៅឆាកតន្រ្ដីមួយ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ចំទិវានៃក្ដីស្រលាញ់នោះ ស្រីស្រស់កំពុងឡើងកូដរូបនេះបានជិះរថយន្ដម៉ាក Mclaren ពណ៌ក្រហម ដែលតម្លៃថ្លៃរាប់សែនដុល្លារ ហើយនាងថែមទាំងមានអង្គរក្សបើកជូន និងតាមការពារទៀតផង។

នេះជាការវិវឌ្ឍថ្មីមួយទៀតរបស់កញ្ញាតន់ ច័ន្ទសីម៉ា ដែលគេស្ទើរតែមិនជឿឡើយថា នាងឡើងកូដដល់ថ្នាក់នេះ ព្រោះថា អំឡុងច្រៀងនៅហាងវីហ្រេ្វន ពេលរាត្រីនោះ អតីតបេក្ខភាព “The Voice Cambodia” រដូវកាលទី២ រូបនេះ ធ្លាប់ជិះម៉ូតូ ហើយត្រូវចោរឆក់ទូរស័ព្ទកណ្ដាលរាត្រីថែមទៀតផង។ ប៉ុន្ដែពេលនេះ កេរ្ដិ៍ឈ្មោះរបស់សីម៉ា ក៏ហក់ឡើងកាន់តែខ្ពស់ ខណៈដែលភាពហ៊ឺហា និងរូបសម្រស់វិញ ក៏មានការប្រែប្រួលទាំងស្រុងផងដែរ។

មហាជនបានចាប់អារម្មណ៍ថា តន់ ច័ន្ទសីម៉ា កាន់តែឡើងកូដខ្លាំងនៅពេលដែលនាងបានចាប់ដៃជាមួយលោកខេម និងកំពូលតារាចម្រៀងព្រាប សុវត្ថិ តែម្ដង ទើបធ្វើឲ្យតារាយុវវ័យផ្សេងៗទៀត ដូចជា កញ្ញារ៉ាប៊ី, យូរី និងទេព បូព្រឹក្ស ជាដើម មិនអាចទប់ទល់សន្ទុះរបស់នាងបានឡើយ។

ដោយឡែក តន់ ច័ន្ទសីម៉ា និយាយថា នាងពិតជាមានមោទនភាពខ្លាំងណាស់ ដែលមានឱកាសបានច្រៀងសម្ដែងជាមួយកំពូលតារាចម្រៀងទាំង២ គឺលោកខេម និងព្រាប សុវត្ថិ។ នាងថា នៅដើមឆ្នាំ២០២១នេះ នាងកំពុងត្រៀមចេញបទចម្រៀងជាមួយលោកខេម ម្ដងទៀត បន្ទាប់ពីផ្ទុះបទ ”សុំ WiFi”។

សីម៉ា បញ្ជាក់ដែរថា រវាងលោកព្រាប សុវត្ថិ និងលោកខេម នាងពេញចិត្តដូចគ្នា ហើយតារាចម្រៀងទាំង២ ពិតជាបានជំរុញឲ្យកេរ្ដិ៍ឈ្មោះរបស់នាងលោតឡើងយ៉ាងឆាប់រហ័ស ដូចពេលនេះមែន។

សីម៉ា បញ្ជាក់បន្ថែមថា កន្លងមកមហាជនចាប់អារម្មណ៍លើភាពស្និទ្ធស្នាលរវាងនាង និងលោកខេម តែនាងសូមបញ្ជាក់ថាគ្មានអ្វីពិសេសនិងគ្នាទេ ព្រោះលោកខេម មានមនុស្សពិសេសក្នុងបេះដូងហើយ ចំណែករូបនាងវិញនៅមិនទាន់គិតគូររឿងស្នេហាឡើយ៕


