ឱក សុគន្ធកញ្ញា ត្រូវបានស្វាមីរបស់នាង លោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស រួមទាំងកម្មវិធីប្រលងចម្រៀងធំៗទាំងអស់នៅហង្សមាស នោះ តែងតែផ្ដល់តំណែងឲ្យភរិយារបស់លោក អ្នកនាងឱក សុគន្ធកញ្ញា ធ្វើជាគ្រូបង្វឹក និងគណៈកម្មការស្ទើរគ្រប់កម្មវិធីទៅហើយ ដូចជា “The Voice Cambodia”, “Cambodian Idol”, “The Voice Kids Cambodia” និង “X Factor Cambodia” ដែលការក្ដាប់តំណែងធំទាំង៤ខាងលើនេះ តារាស្រីផ្សេងទៀតនៅហង្សមាស មិនអាចមានឱកាសធ្វើបានដូចជាសុគន្ធកញ្ញា ជាដាច់ខាត។

ប៉ុន្ដែថ្មីៗនេះ មានការចាប់អារម្មណ៍ថា សុគន្ធកញ្ញា បែរជារបូតតំណែងធំមួយ គឺកម្មវិធីប្រលងចម្រៀង ”Best The Best“ ដែលមានគណៈកម្មការ៤ដួង តែគ្មានឱក សុគន្ធកញ្ញា ឡើយ គឺបែរជាមានពេជ្រ សោភា, ផន ស្រីខួច, ឆន សុវណ្ណរាជ និងនីកូ ទៅវិញ។

ទស្សនិកជនបានចាប់អារម្មណ៍នៅពេលដែលសុគន្ធកញ្ញា ត្រូវបានស្វាមីរបស់នាងមើលរំលងបែបនេះ ព្រោះថា កន្លងមកតាមគម្រោង លោកសុខលី ចង់ឲ្យសុគន្ធកញ្ញា កាន់តែកម្មវិធីប្រលងចម្រៀងធំៗរបស់ហង្សមាស ទាំងអស់ ក្នុងតួនាទីជាគ្រូបង្វិក និងគណៈកម្មការ។

ប៉ុន្តែការបាត់តំណែងមួយរបស់សុគន្ធកញ្ញា នៅពេលនេះ ក្រោយពេលដែលមានការរិះគន់ថា សុគន្ធកញ្ញា ចេញមុខតាមបណ្ដារកម្មវិធីទាំងនោះច្រើនពេក នាំឲ្យអ្នកខ្លះសាំ ហើយតារាផ្សេងៗទៀតនៅហង្សមាស មានសមត្ថភាពដែរ បែរជាគ្មានឱកាស ទើបពេលនេះ ប្ដីរបស់សុគន្ធកញ្ញា បានផ្អឹបភរិយារបស់លោក ១កម្មវិធីតែម្ដង។

ទោះជាយ៉ាងណា មជ្ឈដ្ឋានមហាជនមើលឃើញថា ឱក សុគន្ធកញ្ញា ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ ហើយសមត្ថភាព និងទេពកោសល្យសិល្បៈខ្ពស់នោះ ពិតជាស័ក្តិកសមក្នុងការចេញមុខពីកម្មវិធីទាំងនោះ ទើបស្វាមីនាង ក៏ដូចជាបងថ្លៃសុគន្ធកញ្ញា ដែលជាថៅកែហង្សមាស តែងតែផ្ដល់ទំនុកចិត្តដល់នាង។

ឱក សុគន្ធកញ្ញា ដែលតាំងពីរៀបការ និងសម្រាលកូនជាង១ឆ្នាំនោះ នាងបានចេញច្រៀងសម្ដែងតាមកម្មវិធីមង្គលការឡើងវិញ កាលពីពេលថ្មីៗនេះ ហើយនាងក៏បានព្យាយាមសម្រកទម្ងន់ឲ្យវិលមករកស្វែលឡើងវិញដែរ។ ប៉ុន្ដែការច្រៀងសម្ដែងនៅស្ថានីយទូរទស្សន៍វិញ សុគន្ធកញ្ញា ឡើងច្រៀងតែប៉ុស្ដិ៍ហង្សមាស ដែលដឹកនាំដោយស្វាមីរបស់នាងប៉ុណ្ណោះ ព្រោះគេមិនដែលឃើញនាងឡើងប៉ុស្ដិ៍ណាផ្សេងឡើយ។

យ៉ាងណា តាំងពីមានប្ដីនិងកូន១នេះ សុគន្ធកញ្ញា ក៏មិនសូវមានភាពលេចធ្លោដូចមុនដែរ ព្រោះជាង១ឆ្នាំនេះ នាងគ្មានបទផ្ទុះខ្លាំងឡើយ។

ប៉ុន្តែអ្នកជំនាញសិល្បៈនៅតែអះអាងថា ថៅកែហង្សមាស នឹងមិនបណ្ដោយឲ្យប្អូនថ្លៃរបស់លោក គឺឱក សុគន្ធកញ្ញា ធ្លាក់ចុះខ្សោយជាដាច់ខាត ពោលគឺពេលស្ងាត់កូវីដ-១៩ តារាកូន១រូបនេះ នឹងសម្រុកឡើងវិញជាមិនខាន។

បើទោះជាពេលនេះសុគន្ធកញ្ញា មិនទាន់មានបទចម្រៀងល្បីដូចមុនក្ដី ប៉ុន្ដែគេឃើញនាងនៅតែលេចមុខតាមបណ្ដាស្ពតធំៗជាច្រើន ជាងតារាផ្សេងៗទៀត ដែលបញ្ជាក់ថា នាងនៅតែជាទីចាប់អារម្មណ៍របស់ក្រុមហ៊ុន Agency ដែលខុសពីតារាផ្សេងទៀត ឲ្យតែមានប្ដីនិងកូន គឺពិបាកស្ដារមុខ៕ ហ៊ឹម វិចិត្រ