ខេត្តកំពង់ធំ ៖ បុរសម្នាក់បានជិះម៉ូតូដឹកកូនទៅយកសាច់គោមកលក់ លុះមកដល់តូបលក់សាច់គោរបស់កូនវិញ ក៏ស្រាប់តែកើតអាការងងឹតមុខ ដួលនៅហ្នឹងដីដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។
ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២១ នៅចំណុចភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក។

សពបុរសរងគ្រោះខាងលើ មានឈ្មោះអាន សែ អាយុ៤៨ឆ្នាំ មានលំនៅក្នុងភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក។
តាមការបំភ្លឺពីឈ្មោះប៉េង សាត ភេទប្រុស ត្រូវជាកូនប្រុសបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ថា នៅមុនពេលកើតហេតុ នៅវេលា ម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ គាត់ និងឪពុក (ជនរងគ្រោះ) បានទៅយកសាច់គោនៅពាមអញ្ចាញ ភូមិកងមាស ហើយត្រឡប់មកវិញ ពេលមកដល់ឪពុកក៏បានឈប់នៅតូបលក់សាច់គោ ហើយឱ្យគាត់ និងប្អូនម្នាក់ទៀត ទៅកន្លែងកាប់ជ្រូកនៅនឹងតូប លុះមួយសន្ទុះក្រោយមកគាត់បានត្រឡប់មកពីតូបកាប់ជ្រូកវិញ ស្រាប់តែប្រទះឃើញឪពុករបស់គាត់ដួលនៅហ្នឹងដី ជិតធុងទឹកកកដាក់ក្លាសេសាច់បាត់ ទៅហើយ។

ភ្លាមនោះ គាត់ក៏បានលើកឪពុកដាក់លើឡានយកមកផ្ទះ ហើយបានចូលហៅបងថ្លៃទៅជាមួយ ដើម្បីដឹកឪពុកទៅកាន់មណ្ឌលសុខភាព តាំងក្រសាំង។ លុះទៅដល់ពេទ្យ គ្រូពេទ្យពិនិត្យរួចបានប្រាប់ថា ឪពុករបស់គាត់បានស្លាប់បាត់ទៅហើយ ទើបពួកគាត់បានដឹកយកសាកសពឪពុកត្រឡប់មកផ្ទះវិញ ហើយក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ក្រោយទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព។

តាមរយៈការពិនិត្យនៅលើដងខ្លួនុ ពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ ហេតុនេះសមត្ថកិច្ចជំនាញ បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះឈ្មោះអាន សែ បានស្លាប់ដោយសារខ្យល់គរ។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចជំនាញយើងបានធ្វើកំណត់ហេតុ ប្រគល់សពជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕