Tuesday, November 25, 2025
Homeព័ត៌មានជាតិកម្មករទារបើកលុយ៥០០ដុល្លារ មេការឲ្យ២គ្រាប់ ផ្អើលឈុល

កម្មករទារបើកលុយ៥០០ដុល្លារ មេការឲ្យ២គ្រាប់ ផ្អើលឈុល

ភ្នំពេញ ៖ បុរសជាមេការបុរីម្នាក់បានកើតមានទំនាស់តឹងសរសៃកដាក់គ្នាជាមួយនឹងក្រុមកម្មករ ដោយសារតែក្រុមកម្មករទារបើកលុយថ្លៃដាក់លូចំនួន៥០០ដុល្លារ តែមេការបើកឱ្យមិនគ្រប់ ទើបផ្ទុះជាជម្លោះ ធ្វើឱ្យមេការចិត្តក្តៅដកកាំភ្លើងខ្លីបាញ់២គ្រាប់ គំរាមសម្លាប់ក្រុមកម្មករ បណ្តាលឱ្យកម្មករម្នាក់រងរបួសជើង ចំណែកជនជាខ្មាន់កាំភ្លើងបានជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗ។

ជនរងគ្រោះមកបើកលុយ បាន១គ្រាប់

ករណីបាញ់គំរាមសម្លាប់បណ្តាលឱ្យបុរសម្នាក់រងរបួសជើងខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងបរិវេណការដ្ឋានសំណង់បុរីខេអិន មានទីតាំងស្ថិតនៅតាមមហាវិថីឈ្នះ-ឈ្នះ ស្ថិតក្នុងភូមិស្រែតេជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលអះអាងថា ត្រូវមេការដកកាំភ្លើងគំរាមសម្លាប់បង្កឱ្យរងរបួសជើង មានឈ្មោះប៊ុន ច័ន្ទតុលា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់បុរីខាងលើ ផ្នែកខាងប្រព័ន្ធលូ មានលំនៅភូមិប្រាសាទ សង្កាត់ស្នោរ ខណ្ឌកំបូល។ ចំណែកជនបង្កជាខ្មាន់កាំភ្លើង មានឈ្មោះ អ៊ឹង ឆេងវ៉េង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាមេការសំណង់បុរីខេអិន ក្រោយផ្ទុះអាវុធរួច ក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

តាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្រុមការងាររបស់គាត់បានរៀបចំដាក់ប្រព័ន្ធលូឱ្យខាងបុរីខេអិន និងត្រូវបើកលុយ៥០០ដុល្លារ ហើយថ្ងៃសៅរ៍ជាថ្ងៃចុងសប្តាហ៍ មេការខាងលើបានហៅគាត់ឱ្យមកបើកលុយ លុះនៅវេលាម៉ោងខាងលើ គាត់មកសុំបើកលុយ៥០០ដុល្លារ ស្រាប់តែមេការឱ្យតែ១៥០ដុល្លារទេ ទើបធ្វើឱ្យគាត់បានតវ៉ាថាលុយ១៥០ដុល្លារ ធ្វើយ៉ាងម៉េចបើកចែកឱ្យក្រុមកម្មករគ្រប់ទៅ រួចក៏ឈានទៅដល់ការតមាត់គ្នាផ្ទុះជាជម្លោះតឹងសរសៃក ស្រាប់តែភ្លាមនោះជនដៃដល់ផ្ទុះកំហឹងក៏ទាញកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ភ្ជុចផ្លូវបេតុងចំនួន២គ្រាប់ បណ្តាលឱ្យផ្លាតខ្ទាតត្រូវចំជើងជនរងគ្រោះហូរឈាមរងរបួសតែម្តង។ ភ្លាមៗនោះជនដៃដល់ក៏ទាញម៉ូតូជិះគេចទៅបាត់ បង្កឱ្យភ្ញាក់ផ្អើលតែម្តង។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងជំនាញខណ្ឌចុះទៅសាកសួរ ពិនិត្យស្លាកស្នាមបន្សល់ទុក ហើយរកឃើញសំបកគ្រាប់១ ដែលស្គាល់ជាសំបកគ្រាប់កាំភ្លើង Lock។ ចំណែកសំបកគ្រាប់មួយទៀត ជនរងគ្រោះអះអាងថា ជនសង្ស័យរើសយកដាក់ហោប៉ាវ មុនគេចខ្លួន។

បើតាមកម្មករធ្វើការក្នុងបុរីខាងលើ បានឱ្យដឹងថា ពួកគាត់ក៏មិនដឹងជនរងគ្រោះនិងមេការទាស់សម្តីគ្នារឿងលុយកាក់ដែរ គ្រាន់តែឮស្នូរផ្ទុះអាវុធ២គ្រាប់ផ្ទួនៗហើយ ឃើញជនរងគ្រោះរត់គេចចេញ ហើយមេការឡើងជិះម៉ូតូចេញទៅបាត់។

ជុំវិញមេការបុរីបាញ់គម្រាមកម្មកររឿងលុយកាក់ គ្រាដែលសមត្ថកិច្ចចុះទៅ កុំថាឡើយជនដៃដល់ សូម្បីតែរដ្ឋបាល អ្នកធ្វើការងារប្រចាំនៅការិយាល័យ ក៏រត់គេចបាត់អស់ដែរ ពោលនៅកន្លែងកើតហេតុ សល់តែក្រុមកម្មករសំណង់ ហើយសមត្ថកិច្ចនាំជនរងគ្រោះទៅសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់៕

RELATED ARTICLES