ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ហេតុតែចង់ចំណេញខ្លាំងពេក បែរជាដាច់ចំណងបានត្រឹមរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ បន្ទាប់ពីត្រូវបុរសម្នាក់ដែលស្គាល់គ្នាតាមហ្វេសប៊ុក មិនធ្លាប់ជួបមុខសោះ បានសុំខ្ចីប្រាក់ចំនួន៨១០០ដុល្លារ ដោយប្រាប់ថា នឹងផ្តល់ការប្រាក់ក្នុង១ថ្ងៃ ៥ពាន់បាត លុះនឹកចង់ចំណេញ (ស៊ីការប្រាក់) ក៏ព្រមឱ្យបុរសនោះខ្ចីប្រាក់ជាង៨ពាន់ដុល្លារ ទីបំផុត បុរសខាងលើបិទទាំងទូរស័ព្ទ ប្លុកទាំងហ្វេសប៊ុក រត់គេចខ្លួនបាត់ស្រមោល។
ករណីស្ត្រីចិញា់បោកប្រុសអស់៨ពាន់ដុល្លារខាងលើនេះ ទើបនឹងបែកធ្លាយ និងកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីស្ត្រីរងគ្រោះរូបនេះបានដាច់ចិត្តមកដាក់ពាក្យបណ្តឹងឱ្យនគរបាលស្រុកភ្នំស្រុក ជួយស្រាវជ្រាវរកមុខជនឆបោកមកផ្តន្ទាទោសតាមច្បាប់។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងថា ស្ត្រីដែលរងគ្រោះក្នុងអំពើឆបោកខាងលើនេះ មានឈ្មោះដួង សុគន្ធាវី ហៅផួង អាយុ៣៧ឆ្នាំ មានលំនៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក។ ចំណែកជនសង្ស័យត្រូវបានស្ត្រីរងគ្រោះអះអាងថា មានឈ្មោះវាសនា មុខរបរអ្នករកស៊ី និងរស់នៅខេត្តស្ទឹងត្រែង។
លោកអធិការ បានបញ្ជាក់ថា តាមការរៀបរាប់បំភ្លឺពីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា គាត់បានស្គាល់បុរសនោះតាមគណនីហ្វេសប៊ុកឈ្មោះ វាសនាអ្នករកស៊ី និងមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលជិត១ឆ្នាំមកហើយ គឺទុកចិត្តរាប់អានគ្នាដូចបងប្អូន តែពុំដែលបានឃើញនិងស្គាល់មុខគ្នាផ្ទាល់ទេ តែគេបានប្រាប់ថានៅខេត្តស្ទឹងត្រែង។
បន្ទាប់មកនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យជាម្ចាស់គណនីហ្វេសប៊ុក វាសនាអ្នករកស៊ី បានទាក់ទងតាមទូរស័ព្ទដែលមានលេខ ០៩៧ ២៦៨ ៤៣០០ មកខ្ចីប្រាក់គាត់ចំនួន៨១០០ដុល្លារ ដោយបុរសនោះបាននិយាយប្រាប់ថា រូបគេដឹកឈើចូលទៅប្រទេសវៀតណាម ត្រូវបានគេចាប់ ហើយក្នុងលុយចំនួន៨១០០ដុល្លារនោះ គេឱ្យការប្រាក់១ថ្ងៃ៥ពាន់បាត។

លោកអធិការ បន្តថា ដោយសំអាងថា ជាមនុស្សធ្លាប់រាប់អានគ្នាជាង១ឆ្នាំមកហើយ ណាមួយគេហ៊ានឱ្យថ្លៃការប្រាក់ខ្ពស់ដល់ទៅ៥ពាន់បាតក្នុង១ថ្ងៃផងនោះ ទើបគាត់ក៏យល់ព្រមឱ្យលុយគេខ្ចី និងវេរលុយតាមវីងឱ្យគេគ្រប់ចំនួន៨១០០ដុល្លារ តាមដែលគេខ្ចី។
លុះក្រោយពីផ្ញើលុយឱ្យគេបានរយៈពេល១ថ្ងៃ ពេលគាត់ទាក់ទងទៅលេខទូរស័ព្ទដដែលនោះ បែរជាខលមិនចូល ចំណែកគណនីហ្វេសប៊ុកក៏ត្រូវគេប្លុកចោលអស់ទៀត ទើបភ្ញាក់ខ្លួនដឹងថា ថាចាញ់បោកបុរសនោះក៏រត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកបុរសខាងលើ ដើម្បីនាំយកមកសាកសួរ និងចាត់ការតាមនីតិវិធី៕