ភ្នំពេញ ៖ ជនសង្ស័យដែលជាមុខសញ្ញាចោរលួចម៉ូតូយ៉ាងសកម្មម្នាក់ ត្រូវបានប្រជាពលរដ្ឋ (ជនរងគ្រោះ) ចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងមុខផ្ទះគ្មានលេខ ស្ថិតក្នុងភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះលឿង ដារ៉ា អាយុ២០ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ចំណែកជនសង្ស័យឈ្មោះពៅ ដារ៉ា អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។
ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹក ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួនម៉ាកហុងដា សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ១DD-៦៦១៤ នៅចំណុចកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចចូលទៅក្នុងផ្ទះម្តាយក្មេក លុះបន្តិចក្រោយមកជនរងគ្រោះចេញមកវិញក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួនជិះគេចខ្លួនចេញទៅបាត់។

ប្រភពបន្តថា លុះដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១០និង៣០នាទីព្រឹក ជនសង្ស័យជិះម៉ូតូ ដែលលួចបានខាងលើ ទៅបញ្ចាំគេនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក៏ត្រូវបានជនរងគ្រោះឃើញឃាត់ខ្លួនជាប់ រួមនឹងវត្ថុតាងម៉ូតូ១គ្រឿង យកមកប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
ក្រោយពេលទទួលយកជនសង្ស័យដែលជនរងគ្រោះចាប់ប្រគល់ឱ្យនោះភ្លាម ជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅសួរនាំ និងបញ្ជូនទៅឃាត់ខ្លួនបណ្តោះអាសន្ន នៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕