Tuesday, November 25, 2025
Homeព័ត៌មានជាតិគាត់គ្រាន់តែទៅលាងម៉ូតូមួយភ្លែតសោះ... ក្រុមគ្រួសារផ្អើលទៅមើល

គាត់គ្រាន់តែទៅលាងម៉ូតូមួយភ្លែតសោះ… ក្រុមគ្រួសារផ្អើលទៅមើល

ខេត្តព្រៃវែង ៖ បុរសជាកម្មករចម្ការកៅស៊ូម្នាក់បានជិះម៉ូតូចេញពីចម្ការកៅស៊ូ ដោយប្រាប់ក្រុមគ្រួសារថា យកម៉ូតូទៅលាង ស្រាប់តែពេលលាងម៉ូតូរួចត្រឡប់មកវិញ ក៏ត្រូវជនដៃដល់ជាខ្មាន់កាំភ្លើងបាញ់ប្រហារ១គ្រាប់ចំចង្កេះ ធ្លាយទៅក្រោមពោះទឹកបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់មកក្រុមជនសង្ស័យក៏ប្លន់យកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល។

ករណីបាញ់ប្លន់ទាំងកណ្តាលថ្ងៃខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចលើផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៥-១២៦ ស្ថិតក្នុងភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ។

ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះប៊ុត វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករជៀរជ័រកៅស៊ូ ស្នាក់នៅភូមិសំបូ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងមានស្រុកកំណើតនៅភូមិវត្ត ឃុំត្រោះ ស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកម៉ូតូដែលត្រូវចោរប្លន់យកទៅនោះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខព្រៃវែង 1M-5254។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូហុងដាឌ្រីមសេ១២៥ ចេញដំណើរពីចម្ការកៅស៊ូកន្លែងដែលជនរងគ្រោះធ្វើការ ស្ថិតក្នុងភូមិសំបូ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយប្រាប់សាច់ញាតិថា ទៅលាងម៉ូតូនៅផ្សារក្របៅ ស្ថិតក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ប្រភពបន្តទៀតថា លុះពេលលាងម៉ូតូរួចហើយ ត្រឡប់ទៅវិញដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែត្រូវបានក្រុមជនល្មើសដកកាំភ្លើងខ្លីបាញ់ប្រហារ១គ្រាប់ត្រូវត្រង់ចង្កេះខាងឆ្វេង ធ្លាយដល់ផ្នែកខាង ក្រោមពោះទឹកខាងស្តាំ រួចប្លន់យកម៉ូតូពីជនរងគ្រោះជិះគេចបាត់ស្រមោលភ្លាមៗតែម្តង។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្របៅ និងប្រជាពលរដ្ឋ បានប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកកំចាយមារ ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសលពេលបញ្ជូនទៅដល់មន្ទីរពេទ្យ គ្រូពេទ្យពិនិត្យរួចប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងក្បាលគ្រាប់ចំនួន១ ពីខ្លួនជនរងគ្រោះ ដែលជាប្រភេទក្បាលគ្រាប់រ៉ូឡូ ១៧គុណ៧មីលីម៉ែត្រ។

សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។ ជាមួយនេះ សមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីតាមប្រមាញ់ចាប់ខ្លួនក្រុមជនដៃដល់នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES