Tuesday, November 25, 2025
Homeព័ត៌មានជាតិផ្តល់រង្វាន់២លានរៀលភ្លាមៗ បើដឹង "ខុន ក្រឹម" នៅកន្លែងណា

ផ្តល់រង្វាន់២លានរៀលភ្លាមៗ បើដឹង “ខុន ក្រឹម” នៅកន្លែងណា

ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចខេត្តត្បូងឃ្មុំ ប្រកាសតាមស្វែងរកចាប់ខ្លួន ខណៈដែលជនម្នាក់នេះមានដីកាចាប់ខ្លួនដល់ទៅ៣ដីកាឯណោះ និងត្រូវសមត្ថកិច្ចប្រកាសផ្តល់ជូនរង្វាន់លើកទឹកចិត្តចំនួន២លានរៀល ចំពោះប្រភពទាំងឡាយណាដែលផ្តល់ព័ត៌មានរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យរូបនេះបាន ព្រមទាំងរក្សាការសម្ងាត់ជូនទៀតផង។

ជនជាមុខសញ្ញាដែលសមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួនខាងលើនេះ មានឈ្មោះខុន ក្រឹម ភេទប្រុស កើតនៅភូមិផ្អាវឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នមានលំនៅភូមិឆ្លូង១ ឃុំកំពាន់ ស្រុកមេមត់។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា “ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ឱ្យបានជ្រាបថា មុខសញ្ញាឈ្មោះខុន ក្រឹម ភេទប្រុស កើតនៅភូមិផ្អាវឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម និងបច្ចុប្បន្នមានទីលំនៅភូមិឆ្លូង១ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានរូបថតខាងលើ គឺជាមុខសញ្ញាមានដីកាស្វែងចាប់ខ្លួនចំនួន៣ដីកា ក្នុងការចាប់ខ្លួន។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងអស់បានឃើញ សូមផ្តល់ព័ត៌មានជូនសមត្ថកិច្ចនគរបាលយើងខ្ញុំឈានទៅដល់ការចាប់ខ្លួនជនល្មើសខាងលើ ស្នងការរដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងជូនរង្វាន់ជាការ លើកទឹកចិត្តចំនួន២លានរៀល ព្រមទាំងរក្សាការសម្ងាត់ជូន។ លេខទំនាក់ទំនង ០៨៨ ៨៩៨ ៣៥៥៨ សូមគោរពអរគុណ…”។

គួរបញ្ជាក់ថា ជនជាមុខសញ្ញាខាងលើ មានដីកាចាប់ខ្លួនចំនួន៣ផ្សេងគ្នារួមមាន ទី១-ដីការបស់សាលាដំបូងខេត្តកំពង់ចាម លេខ១៥៩ច.ខ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ របស់លោកចៅក្រម ស៊ិន វីរៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ចាម បង្គាប់ឱ្យចាប់ខ្លួនឈ្មោះខុន ក្រឹម ពីបទលួចដោយសារការប្រព្រឹត្តអំពើហិង្សានិងប្រើប្រាស់អាវុធខុសច្បាប់ ប្រព្រឹត្តនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១១។

ទី២-ដីការបស់សាលាដំបូងខេត្តកំពង់ចាម លេខ២៩០ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១១ របស់លោកងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ក្រឹម ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិឆ្លូងទី១ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១។

និងទី៣- ដីការបស់សាលាដំបូង ខេត្តកំពង់ចាម លេខ១៧៥ព.ស ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ របស់លោកសម ប៊ុនថុន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បង្គាប់ឱ្យចាប់ខ្លួន ឈ្មោះខុន ក្រឹម ពីបទលួចដោយប្រព្រឹត្តអំពើហិង្សានិងប្រើប្រាស់អាវុធខុសច្បាប់ ប្រព្រឹត្តនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១២៕

RELATED ARTICLES