ខេត្តកណ្តាល ៖ កូនប្រុសអកតញ្ញូម្នាក់បានធ្លាក់ខ្លួនប្រើប្រាស់ថ្នាំញៀន រហូតដល់ងាកបកក្រោយលែងរួច ចេះតែបង្ករឿងអុកឡុកទាររកលុយឪពុកទៅជក់ថ្នាំជាហូរហែ និងធ្លាប់វាយឪពុកបង្កើតខ្លួនឯងទៀតផង លុះនៅសុខៗក៏ទៅលួងលោមឪពុកឱ្យដាក់បញ្ចាំប្លង់ផ្ទះ ដើម្បីយកលុយទិញម៉ូតូថ្មីជិះ តែឪពុកអត់ព្រម ក៏ផ្ទុះកំហឹងជេរប្រមាថគំរាមសម្លាប់ ជាហេតុធ្វើឱ្យបុរសជាឪពុកទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនកូនប្រុសកំណាចយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសគំរាមសម្លាប់ឪពុកបង្កើតខ្លួនឯងខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។
ជនរងគ្រោះជាឪពុកដែលត្រូវកូនប្រុសគំរាមសម្លាប់ ព្រោះតែខឹងមិនព្រមបញ្ចាំប្លង់ផ្ទះ មានឈ្មោះលន់ លឹមហេង ភេទប្រុស អាយុ៦២ ឆ្នាំ មុខរបរកសិករ មានលំនៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាកូនប្រុសដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហេង ច័ន្ទឌី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កន្លងមកជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន ហើយប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារគំរាមទារប្រាក់ពីឪពុកខ្លួនឈ្មោះលន់ លឹមហេង ជាញឹកញាប់ ហើយពេលទារលុយមិនបាន ជនសង្ស័យតែងគំរាមសម្លាប់ឪពុក និងយកម៉ូតូទៅលក់អស់២គ្រឿងរួចមកហើយ ព្រមទាំងធ្លាប់ប្រព្រឹត្តអំពើហិង្សាវាយលើឪពុកខ្លួនទៀតផង និងត្រូវឪពុកខ្លួនដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យា អប់រំម្តងរួចមកហើយ តែជននេះហាក់មិនរាងចាលសោះ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង ៩ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នៅសុខៗ ជនសង្ស័យបាននាំបុគ្គលិកធនាគារមកផ្ទះ ទាមទារយកប្លង់ដីពីឪពុករបស់ខ្លួនដាក់បញ្ចាំដើម្បីយកលុយទិញម៉ូតូ តែបុរសជាឪពុកមិនព្រមឱ្យដាក់បញ្ចាំ ទើបធ្វើឱ្យជនសង្ស័យផ្ទុះកំហឹងជេរប្រមាថឪពុកយ៉ាងចាស់ដៃ និងថែមទាំងគំរាម និងយកកាំភ្លើងមកបាញ់សម្លាប់ឪពុកចោលទៀតផង។

ឮបែបនេះ បុរសចំណាស់ជាឪពុក ក៏បានចូលទៅសម្ងំក្នុងបន្ទប់បិទទ្វារ ស្រាប់តែជនសង្ស័យធាក់ទម្លាយទ្វារបន្ទប់ឱ្យរបើក រួចជេរប្រមាថឪពុកបន្តទៀត និងធ្វើឱ្យជនរងគ្រោះជាឪពុកភ័យខ្លាចកូនប្រុសសម្លាប់ ក៏គេចខ្លួនចេញពីផ្ទះ រហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រះប្រសប់ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងប៉ុស្តិ៍បានចុះឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី៕