ខេត្តកណ្តាល ៖ នារីជើងល្អម្នាក់បានប្រើល្បិចតថ្លៃម៉ូតូកង់បី១គ្រឿងជិះចេញពីស្រុកស្អាង ឆ្ពោះទៅផ្សារច្បារអំពៅ លុះទៅដល់ក៏ខ្ចីទូរស័ព្ទរបស់អ្នករត់កង់បី និងលុយ៣ម៉ឺនថែមទៀត ដោយប្រាប់ថា ខ្វះលុយឱ្យថ្លៃអីវ៉ាន់គេ ចាំត្រឡប់ទៅវិញយកលុយសរុបទៅ រួចក៏គេចខ្លួនបាត់ស្រមោល លុះរំលងបាន៥ថ្ងៃ ក៏ត្រូវជនរងគ្រោះប្រទះឃើញកំពុងជិះម៉ូតូកង់បី១គ្រឿងផ្សេងទៀត បំណងប្រើល្បិចបោកប្រាស់ដដែលនេះ ក៏ចាប់ក្របួចនាំយកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។
ករណីឆបោកខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង។ រហូតមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ទើបជនរងគ្រោះប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូកង់បីតាមផ្លូវ ក៏ចាប់ក្របួចប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
ជនរងគ្រោះមានឈ្មោះឃុន លឹមឃាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានលំនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង។ ចំណែកនារីជាជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហេង សម្ផស្ស ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិដប់គរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ សម្ភារបាត់បង់ទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO A71 ពណ៌ស។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ នារីជាជនសង្ស័យខាងលើបានជួលម៉ូតូកង់បីជនរងគ្រោះ ជិះចេញពីឃុំត្រើយស្លា ស្រុកស្អាង ឆ្ពោះទៅផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយថ្លៃឈ្នួលទាំងទៅទាំងមក ៦ម៉ឺនរៀល។

ប្រភពបន្តថា លុះពេលធ្វើដំណើរតាមម៉ូតូកង់បីដល់ផ្សារច្បារអំពៅ នៅវេលាម៉ោងប្រមាណ៩ព្រឹក នារីសង្ស័យបានឱ្យជនរងគ្រោះរកកន្លែងឈប់ម៉ូតូកង់ ហើយចាំខ្លួនត្រឡប់ចេញពីផ្សារវិញ រួចហើយនារីសង្ស័យ ក៏ដើរចូលផ្សារបាត់ទៅ។ ស្រាប់តែបន្តិចក្រោយមក ក៏លេចមុខនារីសង្ស័យដើរចេញមកពីផ្សារវិញ ហើយនិយាយប្រាប់ជនរងគ្រោះថា គាត់ភ្លេចបុងអីវ៉ាន់នៅផ្ទះសុំខ្ចីទូរស័ព្ទមួយភ្លែត ដើម្បីអេតហ្វ្រេនទៅប្តីរបស់គាត់តាមរយៈហ្វេសប៊ុក ដើម្បីឱ្យប្តីផ្ញើបុងអីវ៉ាន់ក្នុងឆាតតាមទូរស័ព្ទមកឱ្យនាងវិញ និងថែមទាំងខ្ចីលុយពីជនរងគ្រោះជាអ្នករត់ម៉ូតូកង់បី ចំនួន៣ម៉ឺនរៀលថែមទៀត ដោយប្រាប់ថាខ្វះលុយឱ្យថ្លៃអីវ៉ាន់គេ ចាំដល់ផ្ទះចាំយកលុយ សរុបទាំងឈ្នួលកង់បីតែម្តងទៅ។
បន្ទាប់មកជនរងគ្រោះក៏បានឱ្យទាំងទូរស័ព្ទរបស់ខ្លួន១គ្រឿង ម៉ាក OPPO A71 ពណ៌ស និងលុយចំនួន៣ម៉ឺនរៀល ទៅនារីសង្ស័យ រួចហើយនារីជាជនសង្ស័យ ក៏បានដើរចូលផ្សារបាត់ទៅ រួចក៏បាត់ខ្លួនរហូតតែម្តង មិនឃើញចេញពីផ្សារមកវិញសោះ ទើបជនរងគ្រោះដឹងខ្លួនថា ចាញ់បោកនារីសង្ស័យខាងលើក៏ជិះម៉ូតូកង់បីត្រីឡប់មកផ្ទះវិញ។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះក៏បានប្រទះឃើញ នារីសង្ស័យខាងលើ ជិះម៉ូតូកង់បី១គ្រឿង នៅនៅឃុំត្រើយស្លា ក៏បានឃាត់នារីជើងល្អរូបនោះជាប់ រួចនាំយកទៅប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
នៅចំពោះសមត្ថកិច្ច នារីសង្ស័យខាងលើបានឆ្លើយសារភាពថា នាងពិតជាបានប្រើល្បិចខ្ចីទូរស័ព្ទដៃ ម៉ាក OPPO A71 ពណ៌ស និងបានខ្ចីលុយ ចំនួន៣ម៉ឺនរៀល ពីជនរងគ្រោះពិតប្រាកដមែន។ ហើយកន្លងមកនាងធ្លាប់ធ្វើសកម្មភាពបែបនេះជាញឹកញាប់មកហើយ។
បច្ចុប្បន្ននារីសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕