ខេត្តសៀមរាប ៖ ខេត្តសៀមរាប បានធ្វើជាគំរូមុនគេក្នុងការប្រកាសហាមធ្វើអាជីវកម្មលក់ដូរ សម្លាប់សត្វឆ្កែធ្វើជាអាហារ បន្ទាប់ពីមានការអំពាវនាវស្នើសុំពីមជ្ឈដ្ឋានមនុស្សមួយចំនួនដែលនិយមស្រឡាញ់សត្វចិញ្ចឹមនេះ ឱ្យបញ្ឈប់ការសម្លាប់ និងបរិភោគសាច់ឆ្កែ។
ថ្មីៗនេះ មហាជនទូទៅបានសាទរយ៉ាងក្លៀវក្លាចំពោះការចេញបម្រាមរបស់មន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ដែលហាមធ្វើអាជីវកម្មលក់ដូរ សម្លាប់សត្វឆ្កែ ធ្វើជាអាហារ ហើយចាត់ទុកថា ខេត្តសៀមរាប ជាខេត្តគំរូមុនគេក្នុងការហាមសម្លាប់ លក់ដូរ សាច់សត្វឆ្កែ និងសង្ឃឹមថា បម្រាមនេះនឹងធ្វើឡើងនៅទូទាំងប្រទេស នៅពេលឆាប់ៗខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លេខ ២៩៣ មកន.សជណ ចុះថ្ងៃចន្ទ ១រោច ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវ នឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោកទា គឹមសុទ្ធ ជាប្រធានមន្ទីរ ស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ (ឆ្កែ) ដោយយោងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ និងយោងកិច្ចប្រជុំ និងការទទួលការណែនាំពីគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា “ខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា ប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់គ្មានពីរលើលោកយើងនេះ។
តាំងពី បុរាណកាលរៀងមក សត្វសុនខ (ឆ្កែ) ត្រូវបានប្រជាជនទូទាំងពិភពលោក ជាពិសេស ប្រជាជនខ្មែរយើង ចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ (ឆ្កែ) មានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចម្ការ ហ្វូងសត្វ ជួយក្នុងវិស័យយោធាបានល្អទៀតផង”។
សេចក្តីជូនដំណឹងដដែល បន្តថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មលក់-ទិញ-ពិឃាតសត្វសុនខ (ឆ្កែ) ដើម្បីធ្វើជាម្ហូបអាហារ មានភាពអនាធិបតេយ្យ និងកើនឡើងគួរឱ្យបារម្ភ។

នេះជាសញ្ញាមួយ បង្ហាញថា មានការធ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ ព្រមទាំងធ្វើឱ្យមានការឆ្លងរាលដាល នូវជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗជាច្រើនទៀត ពីតំបន់មួយទៅតំបន់មួយ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ នេះបើយោងតាមការសិក្សាស្រាវជ្រាវពីអង្គការសុខភាពសត្វពិភព- លោក (OIE) និងអង្គការហ្វរផរ (Four Paw)។
សេចក្តីជូនដំណឹងដដែល បន្តទៀតថា “ការដើរទាក់ លក់-ទិញ និងពិឃាតសត្វអនាធិបតេយ្យគ្មានច្បាប់ទម្លាប់ ផ្ទុយពីខ្លឹមសារច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ តាមមាត្រា១១២, ១១៣, ១១៥ នៃច្បាប់នេះ។ អាស្រ័យហេតុនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ) ទាំងអស់ និងសាធារណជន នឹងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ”៕ ខៀវទុំ