ភ្នំពេញ ៖ ជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រពាំងក្រសាំង និងប៉ុស្តិ៍ចោមចៅទី៣ ឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងហាងខារ៉ាអូខេ “សំណាង សីហា” ស្ថិតក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យទាំង៧នាក់ខាងលើ សមត្ថកិច្ចបញ្ជូនទៅសួរនាំនៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដោយជនសង្ស័យទាំងនេះជិះម៉ូតូចំនួន៣គ្រឿង ទី១-ម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HS-9927 ទី២-ម៉ាក MSX ពណ៌ស 1GA-4819 និងម៉ូតូមួយគ្រឿងទៀត ម៉ាកស៊ុយហ្ស៊ុយគីឡែត ពណ៌ស កំពង់ចាម 1T-2696 ឆក់នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ។

ក្រោយធ្វើសកម្មភាព សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ខាងលើ ដោយដំបូងឃាត់នៅក្នុងខារ៉ាអូខេ “សំណាងសីហា” ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង បានចំនួន៤នាក់ រួមនឹងម៉ូតូ២គ្រឿង ម៉ាកឃ្លីក នឹងម៉ូតូ ម៉ាក MSX ពណ៌ស។

បន្ទាប់ពីកម្លាំងសមត្ថកិច្ច ឃាត់ជនសង្ស័យចំនួន៤នាក់រួច ទើបឈានទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត នៅក្បែរទីតាំងខាងលើ ដែលជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី ឡែត ពណ៌ស។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងដកហូតបាន ត្រូវសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ នាំយកទៅសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕