ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរខួប១២ឆ្នាំ (៧ កក្កដា ២០០៨- ៧ កក្កដា ២០២០) ការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័រ បណ្តាញសង្គមហ្វេសប៊ុករបស់សម្តេច នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ថា “អបអរសាទរខួប១២ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ជាខួប១២ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជា ទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិ ក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

ព្រះវិហារ ប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា”៕ ខៀវទុំ