Tuesday, November 25, 2025
Homeព័ត៌មានជាតិប្អូនប្រុសកំពុងតទឹកភ្លើងសុខៗ បងស្រីហៅមកជាប់ខ្នោះ

ប្អូនប្រុសកំពុងតទឹកភ្លើងសុខៗ បងស្រីហៅមកជាប់ខ្នោះ

ខេត្តកណ្តាល ៖ ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ពាក់ព័ន្ធការប្រើប្រាស់ថ្នាំញៀន លុះចេញមកវិញក៏បែកគំនិតទិញថ្នាំញៀនយកមកលក់ ដោយឱ្យបងប្រុសរបស់ខ្លួនជាអ្នកយកទៅបោះឱ្យម៉ូយ ទីបំផុតរឿងរ៉ាវបែកធ្លាយ ក៏ត្រូវសមត្ថកិច្ចចុះបង្ក្រាបចាប់ឃាត់ខ្លួនបានទាំង២នាក់បងប្អូន ព្រមទាំងដកហូតថ្នាំញៀនបានចំនួន១៣កញ្ចប់ទៀតផង។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង៣៤នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិក្រាំងលាវ ឃុំព្រៃពពួច ស្រុកអង្គស្នួល។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសាំង សូនីតា ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិក្រាំងលាវ ឃុំព្រៃពួច ស្រុកអង្គស្នួល។ ស្ត្រីសង្ស័យរូបនេះកន្លងមកធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល២ខែ ពីបទប្រើប្រាស់សារធាតុញៀន ហើយបច្ចុប្បន្នកំពុងតែមានផ្ទៃពោះ៧ខែ។ និងទី២-ឈ្មោះសាំង សូណា ហៅផ្លូច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងតទឹកភ្លើង មានលំនៅភូមិជាមួយគ្នា។ ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវជាបងប្អូនបង្កើតនឹងគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អមកថា មានមុខសញ្ញាលក់ថ្នាំញៀននៅក្នុងផ្ទះ ស្ថិតនៅភូមិឃុំកើតហេតុខាងលើ។ ភ្លាមនោះ កម្លាំងប៉ុស្តិ៍ក៏បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនស្រុក ចុះទៅកាន់កន្លែងនោះ ហើយបានឃើញជនសង្ស័យទាំង២នាក់កំពុងស្ថិតនៅមុខផ្ទះ កម្លាំងក៏បានចូលទៅឃាត់សួរនាំនិងត្រួតពិនិត្យ រកឃើញមានថ្នាំញៀនចំនួន១៣កញ្ចប់ (ម្សៅក្រាមពណ៌សថ្លា សង្សយ័ថាសារធាតុញៀនចំនួន១២កញ្ចប់តូច និងកញ្ចប់ធំ១កញ្ចប់) ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន លុយចំនួន៤០ម៉ឺនរៀល ទូរស័ព្ទដៃ២គ្រឿង និងកាបូបស្ពាយដាក់ថ្នាំញៀនចំនួន១។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យឈ្មោះ សាំង សូនិតា ដែលកំពុងមានផ្ទៃពោះ៧ខែផងនោះ បានឆ្លើយសារភាពថា ថ្នាំញៀនទាំងនោះគឺពិតជារបស់ខ្លួនដែលទិញមកពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំស្វាយប៉ាក រាជធានីភ្នំពេញ ក្នុងតម្លៃ២០ម៉ឺនរៀល ដើម្បីយកមកលក់បន្ត។ ចំណែកជនសង្ស័យឈ្មោះ សាំង សូណា ហៅផ្លូច បានឆ្លើយសារភាពថា ខ្លួនធ្លាប់ត្រូវបានប្អូនស្រី (សាំង សូនិតា) ប្រើឱ្យយកថ្នាំញៀនទៅលក់ឱ្យម៉ូយដែរ នៅពេលម៉ូយតេមករកទិញម្តងៗ។

ជនសង្ស័យទាំង២នាក់បងប្អូនខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES