ខេត្តកំពង់ស្ពឺ ៖ កូនប្រុសឈាមក្តៅម្នាក់តែងបង្ករឿងអុកឡុកក្នុងគ្រួសារ រករឿងឈ្លោះដេញវាយម្តាយ២ដងរួចមកហើយ តែម្តាយមិនដែលចាប់ទោសអូសដំណើរប្តឹងផ្តល់អ្វីនោះទេ ស្រាប់តែកូនប្រុសមិនត្រឹមតែមិនភ្ញាក់រលឹក តែបែរជាខ្លាំងដៃលើសដើមរហូតដល់ថ្នាក់ទាញកាំបិតផ្គាក់ដេញកាប់ប៉ងផ្តាច់ជីវិតម្តាយ ទើបធ្វើឱ្យស្ត្រីជាម្តាយទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឱ្យចាប់អូសកកូនប្រុសកំណាចនាំយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសកំណាចទាញកាំបិតដេញកាប់ម្តាយបង្កើតខ្លួនឯងខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងឈូក ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ។
ជនសង្ស័យជាកូនប្រុសដែលទាញកាំបិតដេញកាប់ម្តាយរត់ផ្អើលពេញភូមិ និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះខាងលើនេះ មានឈ្មោះអ៊ូ ម៉ាប់ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិត្រពាំងឈូក ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះ ឥន្ទ ផល្លា អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យជាកូនប្រុសចិត្តកំណាចខាងលើនេះ ឧស្សាហ៍រករឿងអុកឡុកឈ្លោះប្រកែកជាមួយម្តាយញឹកញាប់ណាស់ ហើយធ្លាប់ទាំងដេញវាយម្តាយ២ដងទៀតផង តែស្ត្រីជាម្តាយមិនដែលប្រកាន់ទោសអូសដំណើរអ្វីទេ ពោលគឺមិនបានប្តឹងផ្តល់អ្វីទាំងអស់ ព្រោះចង់ទុកពេលឱ្យកូនប្រុសបានកែខ្លួន។ ហើយកន្លងមកសមត្ថកិច្ចក៏ធ្លាប់ហៅជនសង្ស័យជាកូនប្រុសរូបនេះមកធ្វើការអប់រំដែរ តែជននេះនៅមិនព្រមកែប្រែចរិតសោះ ផ្ទុយទៅវិញហាក់កាន់តែខ្លាំងដើមលើសដើមទៀតផង។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យមិនដឹងជាផឹកស្រាស្រវឹងមកពីណា ក៏ស្រាប់មកឡូឡារករឿងស្ត្រីជាម្តាយ និងថែមទាំងទាញកាំបិតផ្គាក់ដេញកាប់ម្តាយបង្កើតខ្លួនឯងទាំងកំរោល ធ្វើឱ្យស្ត្រីជាម្តាយភ័យស្លន់ស្លោរត់គេចទាំងព្រលឹងចុងសក់ ផ្អើលពេញភូមិ។

ក្រោយកើតហេតុ ដោយសារតែទ្រាំនឹងទង្វើដ៏ឃោរឃៅរបស់កូនប្រុសរូបនេះតទៅទៀតលែងបាន ស្ត្រីរងគ្រោះជាម្តាយក៏ដាច់ចិត្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនកូនប្រុសកំណាចរបស់គាត់ យកទៅចាត់ការតាមច្បាប់តែម្តង។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញនៃអធិការដ្ឋានស្រុកបសេដ្ឋ បានចុះឃាត់ខ្លួនមុខសញ្ញាខាងលើ រួចនាំយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕