Tuesday, November 25, 2025
Homeព័ត៌មានជាតិមិនស្គាល់ប្រវត្តិលោកស្នងការខេត្តព្រះសីហនុ ច្បាស់ ហ៊ានធ្វើរឿងបែបនេះ

មិនស្គាល់ប្រវត្តិលោកស្នងការខេត្តព្រះសីហនុ ច្បាស់ ហ៊ានធ្វើរឿងបែបនេះ

ខេត្តព្រះសីហនុ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានព្រមានជនខិលខូចម្នាក់ដែលបានយកឈ្មោះលោកទៅប្រើ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ដោយដើររៃអង្គាសប្រាក់ ថាយកទៅ ធ្វើបុណ្យសព៧ថ្ងៃ ឱ្យឪពុកបង្កើតរបស់លោក។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បាន បង្ហោះរូបថតជនបោកប្រាស់ម្នាក់នោះ ក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ជាមួយសំណេរថា “ខ្ញុំបាទ ស្នងការនគរបាលខេត្តព្រះសីហនុ សូមគោរពនិងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងខេត្តព្រះសីហនុ បានជ្រាបថា (ថ្ងៃទី៥,៧,២០) នេះ មានជនខិលខូចម្នាក់មានមុខដូចក្នុងរូបថតនេះ ដើរបោកប្រាស់អាជីវករយើង រៃអង្គាសប្រាក់ ថាយកទៅធ្វើបុណ្យ (៧ថ្ងៃ) ឱ្យឪពុកបង្កើត “លោកស្នងការនគរបាលខេត្តព្រះសីហនុ”។

ពីព្រោះខ្ញុំបាទកំព្រាឪពុក តាំងតែពីឆ្នាំ១៩៧៤មកម៉្លេះបាទ។ ដូច្នេះ “សូមបងប្អូន និងអាជីវករក្នុងខេត្តយើង ឈប់ចាញ់បោកជននេះបន្តទៀតទៅ”។

លោកស្នងការ បន្តថា “ខ្ញុំសូមប្រកាសឱ្យជនម្នាក់មានរូបក្នុងនេះ មកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាបន្ទាន់។ បើមិនដូច្នោះទេ ខ្ញុំបាទនឹងចាត់វិធានការតាមនីតិវិធីហើយ។

សូមគោរព អរគុណអាជីវករក្នុងខេត្ត បានផ្តល់ដំណឹងនិងរូបជននេះ មកដល់ខ្ញុំបាទ ដោយក្តីគោរពបំផុត”។

គួរបញ្ជាក់ថា យោងតាមក្រដាសកម្មវិធីបុណ្យខួបគម្រប់៧ថ្ងៃ ដែលជនខិលខូចយកមកដើររៃអង្គាសប្រាក់ពីអាជីវករផ្សារលើ ក្រុងព្រះសីហនុ នោះ  បញ្ជាក់ថា ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធឧបាសិកា អ៊ុំ ម៉ាណេ ដែលទទួលមរណភាពក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ ដោយអ្នកផ្តើមបុណ្យមានឈ្មោះ “ឯកឧត្តម អ៊ុំ ជួនណារិន និងលោកជំទាវ” ជាដើម ហើយពិធីបុណ្យនេះប្រារឰធ្វើនៅថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅគេហដ្ឋានឯកឧត្តម អ៊ុំ ដារ៉ារិទ្ធ ស្ថិតនៅភូមិថ្មី ឃុំសម្បូណ៌ ស្រុកឆ្លូង ខេត្តក្រចេះ។

ទោះជាយ៉ាងណា ដោយសារតែជនសង្ស័យខាងលើ មិនស្គាល់ប្រវត្តិលោកស្នងការច្បាស់ ទើបបោកចំកន្លែងស៊យ ត្រូវប្រជាពលរដ្ឋរាយការណ៍ទៅលោកស្នងការ ហើយក៏ត្រូវលោកស្នងការព្រមានចាត់វិធានការតាមច្បាប់ បើមិនប្រញាប់ចូលខ្លួនមកសារភាពកំហុសទេនោះ៕

RELATED ARTICLES