ភ្នំពេញ ៖ ចៅអធិការវត្តមហានាមស្លារម ត្រូវគេចោទថា សម្បូរដុល្លារ ផឹកស្រា ដោះស្បង់ចីវរ ចូលច្រៀងខារ៉ាអូខេ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ដែលជារបស់រដ្ឋ ប៉ុន្តែខាងក្រសួងធម្មការនិងសាសនា បញ្ជាក់ថា មិនទាន់បានជ្រាបព័ត៌មាននេះទេ។ ប៉ុន្តែបើសិនជាករណីនេះជាការពិតមែន ក្រសួងក៏ដូចជាគណៈសង្ឃនឹងចាត់ការទៅលើបុគ្គលសង្ឃនោះ តាមធម៌វិន័យព្រះពុទ្ធសាសនា។
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ គណនីបណ្តាញសង្គមហ្វេសប៊ុក “Nalen Kin” ដែលជាក្រុមគាំទ្របក្ស LDP បានបង្ហោះរូបភាពព្រះគ្រូវិជ្ជា រតនញាណ ឈុន គឹមហោ ចៅអធិការវត្តមហានាមស្លារម ដោយមានទាំងរូបគ្រងស្បង់ចីវរជាព្រះសង្ឃគង់ក្នុងរថយន្ត មានលុយដុល្លារទាំងដុំៗ រាប់សិបម៉ឺន រូបឆាន់ចង្ហាន់ក្នុងហាងទំនើប រូបភ្ជាប់ជាមួយដបកំប៉ុងស្រាបៀរ និងរូបដោះស្បង់ចីវរ ស្លៀកពាក់ជាគ្រហស្ថ ពាក់មួក និងរូបថតបង្ហាញដបកំប៉ុងស្រាបៀរ ជាដើម ជាមួយសំណេរថា “បែកធ្លាយ” ព្រះគ្រូវិជ្ជារតនញាណ ឈុន គឹមហោ ចៅអធិការវត្តមហានាមស្លារម ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ស៊ីចាយហ៊ឺហាក្នុងភេទជាឯកឧត្តមលោកសង្ឃ ផឹកស្រា ចូលខារ៉ាអូខេ តើអស់ប៉ុន្មានលុយ?”។

ជុំវិញការទម្លាយរូបភាព និងការចោទប្រកាន់ខាងលើនេះ “នគរធំ” មិនអាចសុំការបញ្ជាក់បំភ្លឺពីព្រះគ្រូវិជ្ជា រតនញាណ ឈុន គឹមហោ បានទេ កាលពីម្សិលមិញ។
ទោះជាយ៉ាងណា លោកសេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ថា ក្នុងនាមក្រសួង លោកមិនទាន់បានទទួលព័ត៌មានខាងលើនេះទេ ដូច្នេះមិនដឹងថា ព័ត៌មាននេះពិតឬមិនពិតទេ គឺរង់ចាំឱ្យខាងមន្ទីរធម្មការនិងសាសនាខេត្តតាកែវ ធ្វើការសិក្សាស្រាវជ្រាវបន្តសិន។ ប៉ុន្តែបើសិនជាករណីនេះជាការពិតមែន ខាងគណៈសង្ឃ នឹងចាត់ការទៅតាមធម៌វិន័យព្រះពុទ្ធសាសនា គឺមិនអនុគ្រោះទេ ចំពោះការខុសឆ្គងក្នុងធម៌វិន័យព្រះពុទ្ធសាសនា។
ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយលោកសេង សុមុនី ជុំវិញបញ្ហាការទម្លាយរឿងចោទប្រកាន់ព្រះគ្រូចៅអធិការវត្តខាងលើនេះ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ៖

នគរធំ ៖ តើករណីនេះ អាចប៉ះពាល់ដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឬទេ?
លោកសេង សុមុនី ៖ រឿងធម៌វិន័យ វាសុទ្ធតែរំខានដល់ជំនឿរបស់ពុទ្ធបរិស័ទ ហើយរដូវកាលនេះផង ប៉ុន្តែគណៈសង្ឃកំពុងពង្រឹង យ៉ាងម៉ឺងម៉ាត់ណាស់ការប្រណិប័តន៍ធម៌វិន័យហ្នឹង គ្រប់លំដាប់ថ្នាក់ទាំងអស់ លោកនឹងមានវិធានការក្នុងការសិក្សាឱ្យបានហ្មត់ចត់ ប៉ុន្តែបើមិនការពិតត្រង់ ឬមានការបំផ្លើសដោយប្រការណាមួយ គណៈសង្ឃនឹងបង្ហាញនូវសក្ខីកម្មដើម្បីស្វែងរកភាពបរិសុទ្ធដល់ព្រះសង្ឃពុទ្ធសាសនាវិញ។

នគរធំ ៖ ព័ត៌មាន និងការចោទប្រកាន់នេះ ចេញពីប្រភពក្រុមបក្ស LDP តើអាចជាចេតនារបស់ក្រុមនេះ ក្នុងការវាយប្រហារព្រះសង្ឃ ឬទេ?
លោកសេង សុមុនី ៖ កន្លងមកយើងតែងតែទទួលបានព័ត៌មានអ៊ីចឹងដែរ ប៉ុន្តែលើភាពជាក់ស្តែង ការពិតមិនទៅអាស្រ័យទៅលើគណបក្សណាទេ ឬក្រុមណាទេ វាអាស្រ័យថា ការពិត។ សំខាន់ការប្រព្រឹត្តខុសរបស់យើង ហើយត្រូវបានអ្នកដទៃឃើញ ដោយមានការបញ្ញត្តិ ដោយខុសទៅនឹងធម៌វិន័យ គឺថាមិនអាចបន្ទោសទៅលើគណបក្សណា បុគ្គលណា ក្រុមណាទេ យើងស្រាវជ្រាវទៅ វាគង់តែជ្រួតជ្រាបទាំងអស់គ្នា។

នគរធំ ៖ តើក្រសួងទទួលស្គាល់ទេថា ពិតជាមានបុគ្គលមួយចំនួនជ្រកក្រោមភេទ ជាព្រះសង្ឃ បំផ្លាញសាសនា ដូចមានករណីកើតឡើងជារឿយៗកន្លងទៅ?
លោកសេង សុមុនី ៖ វាមានប្រភេទខុសគ្នាក្នុងការងារនេះ មិនបានស្ថិតក្រោម ឬក៏ពួនសម្ងំ ឬក៏ពួនយកព្រះពុទ្ធសាសនា ដើម្បីយកទៅប្រព្រឹត្តខុសឆ្គងទាំងអស់គ្នាទេ វាអាស្រ័យដោយបុគ្គលខ្លះ នៅក្នុងវិន័យពុទ្ធសាសនា លោកថា ពេលខ្លះត្រូវអាបត្តិដោយភ្លេចខ្លួនដោយកន្លងមកហ្នឹង ប្រតិបត្តិល្អហើយ ប៉ុន្តែស្រាប់តែវាភ្លេចខ្លួនដោយប្រការណាមួយថា មិនខុសធ្ងន់ទេ អីទេអ៊ីចឹង។
ហើយមួយទៀត លោកថា ប្រមាទៗតិចទេ មិនអីទេ គឺវាជារឿងមួយប្រមាទ ឬធ្វេសប្រហែស ហើយរឿងមួយទៀត រឿងដោយអចេតនា ធ្វើម៉េចវាចៃដន្យអីអ៊ីចឹង វាមានក្នុងហេតុអីខ្លះ ចៃដន្យហ្នឹងវា មានខ្មោចចូល វាមានវិកលចរិត ការប្រតិបត្តិហ្នឹង ស្រាប់តែវាបែកឆ្វេង បែកអី ខូចសរសៃប្រសាទអីអ៊ីចឹងទៅ ក៏វាខុសឆ្គងក្នុងធម៌វិន័យអ៊ីចឹងដែរ។ ហ្នឹងមានច្រើនប្រភេទណាស ចំពោះអ្នកគ្រងស្បង់ចីពរហ្នឹង។
អ៊ីចឹងមិនមែនថា មានតែមួយក្រុមថា ឃើញតែបុគ្គលមកបន្លំក្នុងសង្ឃដើម្បីលាភសក្ការៈ ហើយប្រព្រឹត្តឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា នោះមិនមែនទេ វាជាក់ស្តែងទៅតាមអ្វីដែលមាននៅក្នុងបញ្ញត្តិរបស់ព្រះពុទ្ធ នោះបានបញ្ញត្តហើយ គឺថាយើងបានឃើញទាំងអស់គ្នា ហើយក្នុងចំណុចនេះ ខ្ញុំសុំឱ្យមន្ត្រីសង្ឃ ក៏ដូចពុទ្ធស័ទទាំងអស់ លោកធ្វើម៉េចសហការគ្នាដើម្បីពង្រឹងធម៌វិន័យហ្នឹងឱ្យបានល្អ ហើយថែរក្សាពុទ្ធសាសនារបស់យើង កុំឱ្យថា ឃើញខុសមួយ ត្រូវមួយអ៊ីចឹង ហើយនាំគ្នាថា លោកសង្ឃឥឡូវ កុំឱ្យមានការយល់ច្រឡំអីអ៊ីចេះអ៊ីចុះ។

នគរធំ ៖ អ៊ីចឹងតើក្រសួងអំពាវនាវយ៉ាងណាដល់ព្រះសង្ឃទូទៅ ក៏ដូចជាប្រជាពុទ្ធបរិស័ទ?
លោកសេង សុមុនី ៖ បាទ! សុំឱ្យយកចិត្តទុកដាក់គោរពប្រណិប័តន៍ ព្រោះព្រះពុទ្ធសាសនា ជាសាសនាដែលមានសីលធម៌ក្នុងការពង្រឹង ការប្រណិប័តន៍ ការរស់នៅរបស់យើង ប្រកបដោយសីលធម៌។
អ៊ីចឹងហើយ យើងថែរក្សាទាំងអស់គ្នា កុំគិតថា ទាល់តែសង្ឃបានថែរក្សាបាន មិនមែនសង្ឃ មិនមែនទេ យើងត្រូវតែចូលរួមខ្វល់ខ្វាយ គិតគូរដោះស្រាយ និងគាំទ្រ ថែរក្សា អភិវឌ្ឍពុទ្ធសាសនា ហ្នឹងឱ្យបានរីកចម្រើនទាំងអស់គ្នា បានកូនចៅយើង ប្រទេសយើង គ្រួសារយើង ជាតិយើងរុងរឿងទាំងអស់គ្នា។
ជារួម ចំពោះករណីនេះ គឺថា ព្រះសង្ឃខិតខំប្រតិបត្តិធម៌វិន័យឱ្យបានល្អបរិសុទ្ធទៅ ហើយយកធម៌ មកអប់រំដល់ពុទ្ធបរិស័ទ និងជួយដល់ការងារសង្គម ដែលអាចប្រព្រឹត្តទៅបានតាមធម៌វិន័យ ហើយ ចំពោះពុទ្ធបរិស័ទវិញ គឺថា គាំទ្រចំពោះការប្រព្រឹត្តល្អរបស់ព្រះសង្ឃ ហើយថែរក្សា និងការពារឱ្យបានល្អ យើងត្រូវទប់ស្កាត់រាល់ចំណុចអវិជ្ជមានមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ៕ កុលបុត្រ