ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពចូលទៅបន្លំលួចកាតទូរស័ព្ទ និងក្រវិលកំប៉ុងត្រូវរង្វាន់ពីផ្ទះលក់ចាប់ហួយមួយកន្លែង យកទៅលក់ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបានចំនួន២នាក់។
ករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ (កាតទូរស័ព្ទ និងក្រវិលកំប៉ុងស្រាបៀរ) ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣៣នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ លុះមកដលក់វេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃដដែល សមត្ថកិច្ចក៏តាមប្រមាញ់ចាប់ខ្លួនជនសង្ស័យទាំង២នាក់នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរឿន ចាន់រិទ្ធ ហៅសល់ អាយុ២៦ឆ្នាំ មានលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង (ជាអ្នកផ្តើមគំនិត)។ និងទី២-ឈ្មោះឡា ពោ ភេទប្រុស អាយុ១២ឆ្នាំ មានលំនៅមិនប្រាកដ (ជាអ្នកដៃដល់ ក្នុងការប្រព្រឹត្ត)។
រីឯវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន កាតទូរសព្ទដៃសែលខាត ប្រភេទទឹកប្រាក់ចំនួន១ដុល្លារ ចំនួន១២០សន្លឹក និងក្រវិលស្រាបៀរត្រូវរង្វាន់មួយចំនួន។ ចំណែកជនរងគ្រោះមានឈ្មោះអ៊ឹង សេង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ចាប់ហួយ មានលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១និង៣៣នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ឈ្មោះអ៊ឹង សេង នៅក្នុងផ្ទះលក់ចាប់ហួយរបស់ជនរងគ្រោះ។ តាមការឱ្យដឹងពីជនរងគ្រោះ សម្ភារដែលបាត់បង់ រួមមាន កាតទូរស័ព្ទសរុបចំនួន៤ពាន់ដុល្លារ កាតសែលកាត (Cellcard) ៥០០ដុល្លារ កាតស្មាត (Smart) ចំនួន១៥០០ដុល្លារ កាតមិត្តហ្វូន (Metfone) ចំនួន១២០០ដុល្លារ និងកាតរាយចំនួន៨០០ដុល្លារ ព្រមទាំងក្រវិលកំប៉ុងស្រាបៀរត្រូវរង្វាន់ចំនួន២ថង់ (ទម្ងន់៥គីឡូក្រាម)។
ប្រភពដដែលបន្តថា ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ហើយភ្លាមៗនោះសមត្ថកិច្ចជំនាញ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងអនុវត្តតាមមតិណែនាំជំនាញពីលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានសហការជាមួយកម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដែលមានលោកវរសេនីយ៍ទោ ឈឿង គឹមសុង ជានាយការិយាល័យចុះប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃដដែល ដើម្បីនាំយកមកសាកសួរ។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីធ្វើសកមμភាពលួចសម្ភារខាងលើបានហើយ ជនសង្ស័យបានយកកាតទូរស័ព្ទ និងក្រវិលកំប៉ុងទាំងនោះ ទៅលក់ភ្លាមៗ។ ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកទទួលទិញផលចោរកម្ម ដើម្បីដកហូត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕